តួកគី គឺជាប្រទេសមួយដែលសំបូរទៅដោយសម្បត្តិវប្បធម៌ និងអវិយធម៌ដ៏ស្រស់ស្អាត ខណៈម្ហូបអាហាររបស់ពួកគេរឹតតែពិសេស ពោលទាំងរូបឆោម និងរសជាតិសុទ្ធតែឆ្ងាញ់ពិសារ។
អ្វីដែលអាចកំណត់ពីអត្តសញ្ញាណរបស់តួកគីមួយទៀតគឺ ការឆុងកាហ្វេនៅលើខ្ទះដោយប្រើដីខ្សាច់ និងប្រើកម្ដៅដុតពីក្រោមខ្ទះក្នុងកម្រិតល្មម ធ្វើឲ្យកាហ្វេមានរសជាតិមុតខ្លាំង ហើយបើបានមើលពីវិធីសាស្ត្រឆុងទៀត វារឹតតែប្លែកភ្នែក។
ប្រវត្តិរបស់កាហ្វេមួយនេះក៏មិនធម្មតាដែរ ដោយវាមានអាយុកាលប្រហែល ៤០០ ឆ្នាំហើយ ពោលតាំងពីសតវត្សទី ១៦ មកម៉្លេះ ដោយគ្រានោះកាហ្វេប្រភេទនេះ ជាភេសជ្ជៈសំណព្វចិត្តរបស់ស្ដេចស៊ុលតង់ Sultan Suleiman នៃអាណាចក្រ Ottoman Empire។
បន្ទាប់ពីទ្រង់បានណែនាំភេសជ្ជៈមួយនេះទៅកាន់ខ្សែរាជវង្ស និងត្រកូលអភិជននានា វាក៏បានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់គ្រួសារវណ្ណៈអភិជននាសម័យនោះ ហើយដោយសារតែស្ដេចស៊ុលតង់សព្វព្រះរាជហរទ័យពន់ពេកជាមួយកាហ្វេតួកគី មានសេចក្ដីរាយការណ៍ថា ទ្រង់បានបញ្ជាឲ្យស្នំជាច្រើនរូប រៀនពីវិធីសាស្ត្រឆុងកាហ្វេនេះទៀតផង។
ត្រឡប់មកបច្ចុប្បន្នវិញ លោកអ្នកអាចសាកល្បងភ្លក់រសជាតិកាហ្វេដែលមានប្រវត្តិតាំងពីសតវត្សទី ១៦ បាន នៅសណ្ឋាគារ Hyatt Regency ក្នុងទិវាកាហ្វេតួកគីដែលបានធ្វើឡើងកាលពីថ្ងៃទី ០៥ ធ្នូ ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាភ្ញៀវកិត្តិយសក្នុងទិវាកាហ្វេតួកគីលើកដំបូង ដែលប្រារព្ធរៀបចំនៅសណ្ឋាគារ Hyatt Regency ដោយមានវត្តមានចូលរួមភាគីពាក់ព័ន្ធសំខាន់ៗសំខាន់ដទៃទៀត។
នាឱកាសនោះដែរ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្តល់នូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការបា្ររព្ធទិវាកាហេ្វតួកគីជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីមេត្រីភាព និងសាមគ្គីភាពក្នុងទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងតួកគី ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជាក់ស្តែងសង្គម និងវប្បធម៌តាមរយៈការប្រារព្ធទិវាកាហ្វេតួកគីនេះនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានអបអរសាទរចំពោះភាគីតួកគីក្នុងឱកាសគម្រប់ខួបលើកទី៩ នៃការចុះកាហ្វេតួកគីជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនៅខែធ្នូ ឆ្នាំ២០១៣ ផងដែរ។
គួរបញ្ជាក់ដែរថា ភ្ញៀវដែលបានចូលរួមក្នុងពិធីនេះ បានធ្វើការកត់សម្គាល់ពីភាពស្រដៀងគ្នានៃអរិយធម៌ដ៏ឧត្តុង្គឧត្តមរវាងប្រទេសទាំងពីរ ពោលគឺជាប្រជាជាតិសំបូរទៅដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបបិយ៍ និងអរូបបិយ៍គួរជាទីមោទនៈ និងបានធ្វើការអបអរសារទដែលគុណល្បុក្កតោរបស់កម្ពុជា និងតែរបស់តួកគី (និងអាស៊ែបៃហ្សង់) ត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនាពេលថ្មីៗនេះ៕