ឥណ្ឌូនេស៊ី គ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូង ក្នុងឆ្នាំ ២០៣៩

អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលថ្មីៗនេះ កំពុងធ្វើការកំណត់គោលដៅ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជាលើកដំបូង នៅក្នុងឆ្នាំ ២០៣៩ ក្នុងគោលបំណងដើម្បីអាចសម្រេចបាននូវការបំភាយឧស្ម័នពុលមកនៅកម្រិតសូន្យ និងបង្កើនសន្តិសុខថាមពលជាតិ។ នេះបើតាមទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែររបស់ឥណ្ឌូនេស៊ី (Bapeten) បានបង្ហាញប្រាប់ឱ្យដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Haendra Subekti នាយកផ្នែកដំឡើង និងគ្រប់គ្រងសម្ភារ:នុយក្លេអ៊ែររបស់ Bapeten បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជាដំបូងប្រទេសឥណ្ឌូនេស៊ី ត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ដោយចាប់ផ្តើមពីការរៀបចំទីតាំងសម្រាប់សាងសង់រោងចក្រ រហូតដល់ការធ្វើប្រតិបត្តិការសាកល្បង ខណ:ទីតាំងសង់រោងចក្រ ត្រូវធានាបានថា នឹងមិនស្ថិតនៅក្នុងតំបន់ ដែលងាយនឹងរញ្ជួយដីនោះឡើយ ។

លើសពីនេះ លោក Haendra បានសង្កត់ធ្ងន់ទៀតថា ដើម្បីសម្រេចបាននូវគោលដៅដ៏ធំមួយនេះ ឥណ្ឌូនេស៊ីបច្ចុប្បន្ន កំពុងស្វែងរកអ្នកវិនិយោគ ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់រោងចក្រ។

ដោយឡែក ទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែររបស់ប្រទេសឥណ្ឌូនេស៊ី ក៏នឹងធ្វើការធានាថា ការសាងសង់រោងចក្រនុយក្លេអ៊ែរ ដំបូងនេះ នឹងស្របទៅតាម​រចនា​បទ​ស្តង់ដារ​ ដែលទទួលបានការបញ្ជាក់ត្រឹមត្រូវពីអ្នកជំនាញ ។

មិនតែប៉ុណ្ណោះ លោក Haendra បានបន្ថែមទៀតថា បន្ទាប់ពីការសាងសង់រោងចក្រ ត្រូវបានបញ្ចប់រួចរាល់ វានឹងមានការសាកល្បង ដើម្បីអាចមើលឃើញពីប្រតិបត្តិការរបស់វា រហូតដល់ការដំណើរការចុងក្រោយ តាមអ្វីដែលបានគ្រោងទុក ៕