Meta ព្រមានដកមាតិកាព័ត៌មានចេញពី Facebook ទាំងស្រុង បើអាមេរិកអនុម័តច្បាប់ផ្សព្វផ្សាយថ្មី

អន្តរជាតិ

កាលពីថ្ងៃចន្ទទី ៥ ខែធ្នូ Meta Platforms Inc ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្វើការគំរាមដកមាតិកាព័ត៌មានចេញពីវេទិការបស់ខ្លួន ប្រសិនបើសភាអាមេរិកសម្រេចអនុម័តច្បាប់ថ្មីមួយ ដែលនឹងផ្តល់ឱ្យស្ថាប័នព័ត៌មាន មានអំណាចកាន់តែច្រើន ក្នុងការចរចា រឿងតម្លៃសម្រាប់មាតិការបស់ពួកគេ ដែលបានចែករំលែកនៅលើ Facebook នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ថ្មីៗនេះ សមាជិកសភាអាមេរិក កំពុងធ្វើការពិចារណាបន្ថែម ជុំវិញការដាក់ចេញច្បាប់ថ្មី ដែលត្រូវបានគេស្គាល់ថា ជាការប្រកួតប្រជែងផ្នែកសារព័ត៌មាន និងការរក្សាច្បាប់ទៅលើការការពារថ្លៃចំណាយប្រចាំឆ្នាំ (JCPA) ដើម្បីជួយដល់ឧស្សហកម្មសារព័ត៌មាន ក្នុងស្រុក ដែលកំពុងជួបប្រទះការលំបាក។

មិនតែប៉ុណ្ណោះ តាមរយ:ច្បាប់ថ្មីនេះ វានឹងផ្តល់ឱ្យស្ថាប័នសារព័ត៌មាន និងអ្នកផ្សព្វផ្សាយ កាន់តែមានអំណាចច្រើន ក្នុងការចរចារួមគ្នាជាមួយក្រុមហ៊ុនបណ្តាញសង្គមនានា សម្រាប់ការទទួលបានចំណែកធំនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក Andy Stone បានសរសេរនៅលើគណនី Twitter ថា ក្រុមហ៊ុនរបស់លោក អាចនឹងបង្ខំដកមាតិកាព័ត៌មានចេញទាំងស្រុងពីវេទិកា Facebook ប្រសិនបើច្បាប់ខាងលើត្រូវបានអនុម័តនោះ។ ហើយក្រុមហ៊ុន នឹងមិនទទួលយកការចរចាណាមួយ ដែលត្រូវកំណត់ដោយរដ្ឋាភិបាលនោះឡើយ ដោយសារតែវាមិនបានគោរពដោយយុត្តិធម៌នូវតម្លៃណាមួយ ដែលក្រុមហ៊ុនបានផ្តល់ជូនដល់បណ្តាស្ថាប័នសារព័ត៌មាន តាមរយ:ការធ្វើមាតិកាទាក់ទាញ និងចំនួនអ្នកជាវ (Subscript) របស់ពួកគេ ។

លើសពីនេះ ក្រុមហ៊ុន Meta ក៏បានបញ្ជាក់ទៀតផងដែរថា ប្រាក់ចំណូលដែលទទួលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ការចែករំលែកព័ត៌មាន នៅលើវេទិកា Facebook របស់ខ្លួន នឹងមិនត្រូវបានបែងចែកទៅឱ្យភាគីណាមួយនោះឡើយ ។

សូមបញ្ជាក់ផងដែរថា អូស្ត្រាលី ក៏ធ្លាប់បានអនុម័តច្បាប់ស្រដៀងគ្នានេះផងដែរ កាលពីខែមីនា ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានក្រុមហ៊ុន Meta បិទមិនឱ្យមានការបង្ហោះព័ត៌មាន នៅលើវេទិកា Facebook អស់មួយរយ:ពេលខ្លី នៅក្នុងប្រទេសនោះ ៕