ឧកញ៉ា ហេង បូរិន៖ ជីវិតយើងម្នាក់ៗខ្លីណាស់ ត្រូវរស់ឱ្យមានប្រយោជន៍ កុំបៀតបៀនអ្នកដទៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ​​បាន​លើក​ឡើង​ថា ជីវិត​​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ពេល​វេលា​ខ្លី​ណាស់ ដូច្នេះ​​​ត្រូវ​តែ​ចេះ​រស់​​នៅ​ឱ្យ​មាន​ប្រយោជន៍ សប្បាយ​រីករាយ​នូវ​អ្វី​ដែល​ខ្លួន​មាន​ ​​រស់​នៅ​តាម​របៀប​ជា​ខ្លួន​ឯង ហើយ​កុំ​បៀតបៀន​អ្នក​ដទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ​​បាន​​បញ្ចេញ​ទស្សនៈ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​យ៉ាង​ដូច្នេះ​ថា៖ “​មនុស្ស​គ្រប់​គ្នា​កើត​មក​ មាន​សប្បាយ​មាន​ទុក្ខ​ជា​រឿង​ធម្មតា។ កុំ​អង្គុយ​កើត​ទុក្ខ​ រអ៊ូ​រទាំ​ ស្ពាយ​ទុក្ខ​សោក​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សន្សំ​តែ​រឿង​ទុក្ខ​សោក​មិន​ព្រម​ព្រលែង​វា​ឱ្យអស់​ នៅ​ស្ពាយ​ជាប់​រឿង​រ៉ាវ​ខក​ចិត្ត​ សោកសៅ​ រឿង​រ៉ាវ​អតីតកាល​ ញាំញី​ដោយ​វិបត្តិ។ ជីវិត​របស់​យើង​ម្នាក់ៗ​ខ្លី​ណាស់​ ដូច្នេះ​ត្រូវ​ចេះ​រស់​ឱ្យមាន​ប្រយោជន៍​ និង​សប្បាយ​ចិត្ត​ (សប្បាយ​ច្រើន​កើន​អាយុ)​ នូវ​អ្វី​ដែល​យើង​មាន​ កុំ​បៀតបៀន​អ្នក​ដទៃ​ ហើយរស់​នៅតាម​របៀប​ជា​ខ្លួន​ឯង”។

គួរ​បញ្ជាក់​ថា លោកឧកញ៉ា ហេង បូរិន ក្រៅ​ពី​មុខ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ បុរី​ ហេង​ បូរិន​ ​គ្រុប​ ​​លោក​ក៏​ជា​អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី។ ​បន្ទាប់ពី​មុខ​ជំនួញ​​ជោគជ័យ លោកឧកញ៉ា ក៏​​តែងតែ​ជួយ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ជួយ​​ដល់​សង្គម​និង​រាជរដ្ឋាភិបាល​ ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន និងនៅ​​ស្រុក​កំណើត​របស់​លោក​ផង​ដែរ។ ជាក់ស្តែង​ថ្មីៗ​ លោក​ឧកញ៉ា ហេង បូរិន ​បាន​ចំណាយ​ថវិកា​ ៦០០០​ដុល្លារ ​​ជួយ​​សាងសង់​ខ្លោងទ្វារ សាលាបឋមសិក្សា ភ្នំធំថ្មី ស្ថិត​នៅ​ក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណៈ​ដែល​លោក​​​ទើប​បាន​ទៅ​សម្ពោធ​ខ្លោងទ្វារ​សាលា​នេះ ជូនគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ កាល​ពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០២២៕