ក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់សហស្ថាបនិកអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ ដូចរៀងរាល់ឆ្នាំដែរ ដើម្បីផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យនៅកម្ពុជា ដែលខ្វះខាតឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។
សម្រាប់ឆ្នាំ២០២២នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន៤ គឺ ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ធានាគារ ជីប ម៉ុង ជីប ម៉ុង រីថែល និង ជីប ម៉ុង លែន នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ទៅតាមទីតាំងផ្សេងៗគ្នា សម្រាប់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាសាធារណជនទូទៅ ដែលមានបំណងចង់បរិច្ចាគឈាមជួយដល់ជីវិតមនុស្ស។ យ៉ាងណាមិញ សាធារណៈជន ក៏អាចចូលរួមបាន និងអាចអញ្ជើញទៅចុះឈ្មោះផ្ទាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល វេលាម៉ោង ៩:៣០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច។
សូមជម្រាបជូនថា ក្រុមហ៊ុន ជីប ម៉ុង តែងគិតគូពីទំនួលខុសត្រូវរបស់សង្គម និងជាដៃគូរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សកម្មភាពបរិច្ចាគឈាមនេះ នឹងជំរុញទឹកចិត្តឱ្យបុគ្គលិក ចូលរួមបរិច្ចាកឈាម ចូលរួមយល់ដឹងពីគុណប្រយោជន៍ គុណតម្លៃ និងជួយផ្សព្វផ្សាយ ដើម្បីបង្ហាញជាគម្រូឱ្យសាធារណជន ស្ថាប័នរដ្ឋ ឬ ស្ថាប័នឯកជន ចូលរួមធ្វើការបរិច្ចាកដោយស្ម័គ្រចិត្ត និងមិនមានក្ដីបារម្ភ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនរើសអើង និងមិនប្រកាន់ពូជសាសន៍ ឬសាសនាអ្វីនោះឡើយ៕