អគារពាណិជ្ជកម្មភ្លោះកប់ពពកដំបូងគេនៅក្រុងកំពត ខេត្តកំពត របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានលោកឧកញ៉ា ខូវ សម្បត្តិ ជាអគ្គនាយកក្រុមហ៊ុន កំពុងតែពន្លឿនការសាងសង់ឡើងវិញ ដើម្បីបញ្ចប់តាមផែនការរបស់ក្រុមហ៊ុន បន្ទាប់ពីផ្អាកមួយរយៈ ដោយសារមានវិបត្តិកូវីដ-១៩។
លោកសាស្រ្តាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រងគម្រោងអគារភ្លោះកប់ពពកមួយនេះ បានថ្លែងឱ្យដឹងកាលពីសប្តាហ៍មុនថា បន្ទាប់ពីផ្អាកមួយរយៈពេលខ្លី ពេលនេះក្រុមហ៊ុនបានចាប់ផ្តើមសាងសង់ឡើងវិញហើយ ខណៈដែលមកដល់ពេលនេះ ការសាងសង់បានឈានដល់ជាន់ទី៨។ លោកសាស្រ្តាចារ្យ បានបន្តថា អ្វីដែលធ្វើឱ្យយឺតយ៉ាវគឺ ការសាងសង់គ្រឹះអគារ ដែលបានចំណាយពេលដល់ទៅ១ឆ្នាំឯណោះ។
“គម្រោងនេះអាចនឹងបញ្ចប់គ្រោងតួអគារទាំងមូល នៅចុងឆ្នាំ២០២៣ និងអាចដាក់ឱ្យដំណើរការចុងឆ្នាំ២០២៤ ខាងមុខ ប្រសិនជាមិនមានការប្រែប្រួលទេនោះ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានសណ្ឋាគារ អាផាតម៉ិនទំនើប ភោជនីយដ្ឋាន ការិយាល័យ Sky Bar ផ្សារទំនើប ហាងស្ទីម សោណា កន្លែងហាត់ប្រាណជាដើម”។ លោកសាស្រ្តាចារ្យ ទួស សាភឿន បានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា អគារភ្លោះខាងលើនេះមានឈ្មោះថា ថៃ ប៊ុនរ៉ុង កំពត បៀលឌីង មានតម្លៃជាង ៩៥លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅគល់ស្ពានចាស់ ក្នុងភូមិ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត។ អគារទី១ មានកំពស់៤៣ជាន់ និងអគារទី២ មានកំពស់រហូតដល់ ៤៧ជាន់ ដោយក្រុមហ៊ុនសម្រេចបន្ថែម២ជាន់ទៀត ខណៈដែលគម្រោងដំបូងត្រឹម៤៥ជាន់។
ការបើកការដ្ឋានសាងសង់អគារថៃ ប៊ុនរ៉ុង កំពត បៀលឌីង នេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តសំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដោយអាចបំពេញតម្រូវកានិងបង្កើនទំនុកចិត្តដល់ វិនិយោគិន ភ្ញៀវជាតិ អន្តរជាតិ ដែលជាហេតុធ្វើឱ្យខេត្តនេះអាចពង្រឹងនិងងព្រីកឥទ្ធិពលរបស់ខ្លួនបានមួយកម្រិតទៀតផងដែរ ខណៈដែលខេត្តនេះមានសក្ដានុពលមិនចាញ់ខេត្តដទៃទៀតឡើយ។
ខេត្តកំពត ត្រូវបានគេដឹងថា ជាខេត្តមួយមានសក្ដានុពលខ្លាំង ជាពិសេសគឺមានតំបន់ទេសចរណ៍ជិត២០កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងតែស្ថាបនាកន្លែងទេសចរណ៍បន្ថែមទៀត ហើយជាពិសេសនៅតាមតំបន់ឆ្នេរផងដែរ៕