កាលពីថ្ងៃពុធកន្លងទៅ មហាសេដ្ឋីអាមេរិក Elon Musk បានរបូតតំណែងជាអ្នកមានដាច់គេលើលោកប្រហែលកន្លះថ្ងៃ បន្ទាប់ពីតម្លៃហ៊ុនរបស់ Tesla មានការប្រែប្រួល ធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានតិចជាងមហាសេដ្ឋីបារាំង Bernard Arnault។ នេះបើតាមការចុះផ្សាយពី National។
យ៉ាងណា នៅក្នុងថ្ងៃដដែលនោះទិន្នន័យទ្រព្យសម្បត្តិរបស់មេធំ Tesla មានការផ្លាស់ប្ដូរឡើងវិញ ដោយលោកនៅតែទទួលបានតំណែងជាមហាសេដ្ឋីមានបំផុតលើលោកដដែល ជាមួយនឹងទ្រព្យសម្បត្តិ ១៨៤,៩ ពាន់លានដុល្លារ ខណៈអ្នកមានដាច់គេនៅអឺរ៉ុបមាន ១៨៤,៧ ពាន់លានដុល្លារ។
នេះមិនមែនជាលើកទី ១ ទេដែលមេធំ LVMH បានឈានមកដល់ចំណុចកំពូលនៃបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ពោលកាលពីឆ្នាំ ២០២១ លោកក៏ធ្លាប់ទទួលបានតំណែងនេះម្ដងដែរ ប៉ុន្តែបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ Elon Musk និង Bernard Arnault គឺកំពុងប្រកៀកប្រកិតគ្នាខ្លាំង ក្នុងការដណ្ដើមតំណែងជាស្ដេចត្រាញ់កំពូលលើលោក ដ្បិតទ្រព្យសម្បត្តិរបស់អ្នកទាំង ២ មានគម្លាតមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ៕