មូលនិធិរូបីយវត្ថុអន្តរជាតិ ហៅកាត់ IMF បានបង្ហើបថា ប្រទេសដែលមានអត្រាចំណូលទាប នឹងត្រូវការហិរញ្ញប្បទានពីខាងក្រៅ រហូតដល់ជិត ៥០០ ពាន់លានដុល្លារពីឆ្នាំ ២០២២-២០២៦។
យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា មូលហេតុដែលធ្វើឲ្យប្រទេសក្រីក្រត្រូវការទឹកប្រាក់ច្រើនលើសលុបបែបនេះ គឺដោយសារវិបត្តិអតិផរណាដែលកំពុងផ្ទុះឡើងខ្លាំង ចំពេលតម្រូវការស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗក៏កំពុងចាំបាច់ទៀត។
ដោយឡែក កន្លងមកដើម្បីជួយសម្រាលបន្ទុកប្រទេសក្រីក្រទាំងឡាយ IMF និង World Bank ធ្លាប់បានស្នើទៅកាន់ប្រទេសចិន ដែលជាម្ចាស់បំណុលធំបំផុតលើលោក ឲ្យពន្យារពេលទារបំណុលពីប្រទេសក្រីក្រទាំងនោះ ដ្បិតបច្ចុប្បន្នពួកគេក៏កំពុងយ៉ាប់យ៉ឺនជាមួយនឹងការថយចុះនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
សូមជម្រាបដែរថា IMF បានបង្ហើបថា ហិរញ្ញប្បទានសម្រាប់ប្រទេសក្រីក្រពីឆ្នាំ ២០២២-២០២៦ មានបំណងចង់បន្ធូរបន្ថយស្ថានការណ៍កូវីដ ១៩ បង្កើនប្រាក់ចំណូលដែលជាប់គាំង កសាងឡើងវិញនូវប្រព័ន្ធដឹកនាំផ្សេងៗ ដែលនឹងចំណាយប្រហែល ៤៤០ ពាន់លានដុល្លារ។
ប៉ុន្តែសម្រាប់ឆ្នាំ ២០២២-២០២៣ កញ្ចប់ចំណាយអាចនឹងមានលើសការរំពឹងទុក ដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលនឹងធ្វើឲ្យពួកគេចាំបាច់ត្រូវការទឹកប្រាក់យ៉ាងតិច ៤៩៧ ពាន់លានដុល្លារ៕