ប្រធានាធិបតី Widodo ជឿជាក់ថា ៦០% នៃរថយន្ត EV លើលោក នឹងត្រូវពឹងផ្នែកលើអាគុយផលិតនៅឥណ្ឌូនេស៊ី

អន្តរជាតិ

ថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា ៦០% នៃរថយន្តអគ្គិសនី (EV) សរុបនៅលើពិភពលោក នឹងត្រូវពឹងផ្នែកលើប្រព័ន្ធអេកូឡូស៊ីអាគុយ ដែលកំពុងសម្រុកសាងសង់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងវេទិកាធុរកិច្ច នៅទីក្រុងហ្សាកាតា កាលពីដើមខែនេះ លោក Widodo បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី មានធនធារ៉ែសំខាន់ៗជាច្រើន ដូចជា នីកែល ទង់ដែង បុកស៊ីត និងសំណប៉ាហាំង ដែលជាធាតុផ្សំដ៏សំខាន់បំផុត ក្នុងការបង្កើតអាគុយរថយន្តអគ្គិសនី ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា ប្រទេសរបស់លោក នៅខ្វះតែលីចូមប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ី កំពុងតែមានការពិភាក្សាជាមួយប្រទេសអូស្រ្តាលី ក្នុងការសហការណ៍គ្នា ដើម្បីទទួលបានការផ្គត់ផ្គង់លីចូម ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីអាគុយ EV ក្នុងប្រទេសអាស៊ានមួយនេះ ។

ក្រៅពីនេះ លោក Widodo បានបង្ហាញផងដែរថា ប្រសិនបើប្រព័ន្ធអេកូឡូស៊ី អាគុយ EV ត្រូវបានបង្កើតពេញលេញ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះនឹងមានការវិនិយោគកាន់តែច្រើន ព្រោះថាម៉ូតូ និងរថយន្តអគ្គិសនី នឹងត្រូវជំនួសយានយន្តប្រើចំហេះប្រេងឥន្ធន:ទាំងស្រុង នៅពេលអនាគតជាក់ជាមិនខាន៕