បណ្ឌិត សុខ ទូច អំពាវនាវឱ្យអ្នកឧកញ៉ា ឧកញ៉ា ជួយឧបត្ថម្ភបោះពុម្ពសៀវភៅ

ជុំវិញ​ឧកញ៉ា

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ​ក្រុមប្រឹក្សាបណ្ឌិត​សភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ​​បាន​អំពាវ​នាវ​ឱ្យ​អ្នក​ឧកញ៉ា ឧកញ៉ា អ្នកមានៗ ឬ​​សាធារណជន​ដែល​មាន​លទ្ធភាព ​​សូម​ជួយ​ឧបត្ថម្ភ​​ក្នុង​ការ​បោះ​ពុម្ភ​សៀវភៅ ដែលជាស្នាដៃស្រាវជ្រាវ​របស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការ​វិភាគ លើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» នាព្រឹក ថ្ងៃទី​​​៨ ខែ​ធ្នូ ឆ្នាំ២០២២ ​​លោក​បណ្ឌិត​សភាចារ្យ សុខ ទូច ​​​​បាន​​​​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​ចង់​ឱ្យ​អ្នក​មានៗ​ អ្នកឧកញ៉ា ឧកញ៉ា ជួយ​បោះពុម្ភ​សៀវភៅ​ដែល​រាជបណ្ឌិត្យសភាកម្ពុជា​ចង​ក្រង ​ព្រោះ​សៀវភៅ​ដែល​យើង​ចង់​ក្រង​នេះ មិន​មាន​ថវិកា​បោះពុម្ភ​នោះ​ទេ ហើយ​​ពេល​លក់​បាន យើង​នឹង​សង​ថវិកា​ទៅ​វិញ​ទេ”។

លោកបណ្ឌិត បានគូសបញ្ជាក់​ថា រាជបណ្ឌិត្យសភាកម្ពុជា​ខិត​ខំ​​ចង​ក្រង​សៀវភៅ​ឡើង គឺ​ដើម្បី​កុំ​ឱ្យ​ខ្មែរ​យើង​ដើរ​ជាន់ដានប្រវត្តិសាស្ត្រ ហើយ​ដូនតាយើង​សម័យ​ដើម​បាន​ព្យាយាម​ចងក្រង​ឯកសារ​ឆ្លាក់លើសិលាចារិក ចុះមក​ដល់សម័យទំនើបហើយ រឿងហេតុ​កើត​ឡើង ហេតុអ្វី​​ខ្មែរ​មិន​ព្រម​ចងក្រង​ឯកសារ ​បែរ​ជា​មើល​​តែ​ភាសាបរទេស ដូច្នេះ​យើង​គួរ​តែ​​រួម​គ្នា​គិត​គូ​ដល់​សង្គម​ជាតិ។

លោក​បណ្ឌិត​ ​មាន​ប្រសាសន៍​​បន្ថែម​ថា៖ “ខ្ញុំ​ចង់​ឱ្យ​អ្នក​មានៗ​ខ្លះ ជួយ​ធ្វើ​បុណ្យ វិហារ​ក៏​ច្រើន​ដែរ​ហើយ សូម​ជួយ​ធ្វើ​បុណ្យ​បោះពុម្ភ​សៀវភៅ​ឱ្យ​បាន​ច្រើន ព្រោះ​វា​មិន​ថ្លៃ​ស្មើ​នឹង​សសរ​ព្រះវិហារ​នោះ​ទេ។ ​បើ​សិន​ជា​ធ្វើ​បាន នោះ​ពួក​យើង​នឹង​ដាក់​ឈ្មោះ​អ្នក​ជួយ​ឧបត្ថម្ភ ​​ហើយ​វា​នឹង​ចារ្យ​ឈ្មោះ​តពូជ។ ទោះ​១០០០​ឆ្នាំ​ទៀត ពេល​គេ​អាន​ក៏​គេ​នៅ​ស្គាល់​ឈ្មោះ​របស់​អ្នក”។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ​​មាន​អនុសាសន៍​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​រាជបណ្ឌិត្យសភាកម្ពុជា មាន​បណ្ណាល័យ​មែន ប៉ុន្តែ​ទីតាំង​តូច​ណាស់ ដូច្នេះ​នៅ​​ពេល​ខាង​មុខ លោក​​នឹង​បង្កើត​កន្លែង​អាន​នៅ​ទីនោះ។ លោក​បាន​បញ្ជាក់​ថា៖ “យើង​នឹង​ធ្វើ​អគារ​មួយ​ទៀតសម្រាប់​អាន ដូច​នៅ​ស្រុក​​គេ​ ប៉ុន្តែ​បើ​ករណី​គ្មាន​ថវិកា យើង​អាន​នៅ​ក្រោម​ដើម​ជម្ពូ ​យើង​នឹង​រៀបចំ​កន្លែង​​ដាក់​បង់​ឱ្យ​អង្គុយ​អាន ព្រោះ​យើង​ត្រូវ​តែ​កែទម្រង់ ជាពិសេស​សម្រាប់​អ្នក​ដែល​គ្មាន​លុយ​ទិញ​សៀវភៅ អាច​មក​រាជបណ្ឌិត្យសភាកម្ពុជា ខ្ចី​សៀវភៅ​អង្គុយ​អាន​បាន”៕