ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើ រដ្ឋមន្ដ្រី បន្ថែមលើងារបច្ចុប្បន្ន ដោយមិនយកប្រាក់បំណាច់មុខងារ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
អ្នកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាជាតិ ហើយត្រូវបានមហាជនស្គាល់ទូទៅថា ជាមហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា ដែលក្ដោបក្ដាប់អាណាចក្រជំនួញធំៗជាពហុវិស័យ ដូចជា រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញបោះដុំ សួនសត្វ ទីក្រុងរណប តំបន់សេដ្ឋកិច្ចពិសេស ការនាំចេញបារី ស្ថានីយទូរទស្សន៍ កសិកម្ម ផ្គត់ផ្គង់ទឹកស្អាត និងថាមពលផ្គត់ផ្គង់អគ្គីសនីនៅខេត្តកោះកុងជាដើម។
បច្ចុប្បន្នអ្នកឧកញ៉ា លី យ៉ុងផាត់ កំពុងដឹកនាំក្រុមហ៊ុន Y.L.P Group ជាប្រធានសមាគមឧកញ៉ាកម្ពុជា ជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងឱកាសទទួលសញ្ញាបត្រ “បណ្ឌិតកិត្តិយស” ពីសាកលវិទ្យាល័យថុនបូរី នៃប្រទេសថៃ។
ថ្មីៗនេះ អ្នកឧកញ៉ាក៏ទទួលបានគ្រឿងឥស្សរិយយស មេដាយជាតូបការ ដែលជាមេដាយខ្ពស់បំផុតនៅកម្ពុជា។ គ្រឿងឥស្សរិយសយសមេដាយជាតូបការ ត្រូវបានបំពាក់ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលចំនួន២ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា មេដាយជាតូបការនេះ គឺជាមេដាយខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់បំពាក់ជូនឥស្សរជន ដែលមានគុណូបការៈដ៏ឧតុ្តង្គឧត្តម ក្នុងការងារបំរើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ តាមរយៈព្រះរាជក្រឹត្យ ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្រ្តី ហើយប្រទានដោយព្រះមហាក្សត្រ ឬដោយព្រះរាជតំណាង៕