ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន ៣១នាក់ បន្ថែមទៀត នៅខេត្តព្រះសីហនុ សរុបកើនឡើងចំនួន ៨៤នាក់ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។
ក្រសួងសុខាភិបាល ប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។
បើតាមសេចក្តីប្រកាសព័ត៌មាន ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។
ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់។ ជនជាតិបារាំងទាំង២៩នាក់ ដែលឆ្លងនោះបានទៅស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងពីជនជាតិបារាំង គឺជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមជនជាតិបារាំងនោះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។
គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៤នាក់ហើយ ក្នុងនោះស្រី២១នាក់ ប្រុស៦៣នាក់។ ក្រសួងសុខាភិបាល បានអះអាងថា ក្រុមការងាររបស់ក្រសួង កំពុងតែធ្វើកិច្ចការស្រាវជ្រាវរកករណីថ្មីបន្តទៀត យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩។
ឥទ្ធិពលនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យពិភពលោករាំងស្ទះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ និងប្រទេសមួយចំនួន បានបិទចេញចូលបណ្តោះអាសន្ន ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន ៧នាក់ បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា អំពីការព្យាបាលជំងឺកូវីដ១៩៕