បណ្ឌិត ងិន បាណាល់ កូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីមួយរូបនៅកម្ពុជា បានបញ្ចប់ការសិក្សា «វគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាល កម្រិត១ ជំនាន់ទី២» នៅបណ្ឌិត្យសភានគរបាលកម្ពុជា បន្ទាប់ពីលោកចំណាយពេលសិក្សាអស់រយៈពេល ៤ខែកន្លងមក។
លោកឧត្តមសេនីយ៍ឯក ងិន បាណាល់ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ “ថ្ងៃនេះជាថ្ងៃចុងក្រោយនៃ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ ជំនាន់ទី២។ រយៈពេល៤ខែបានកន្លងផុតទៅ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងបងប្អូនសិក្ខាកាមទាំងអស់”។
លោកបណ្ឌិត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានផ្តល់ឱកាសឱ្យរូបលោកបានមកបំពេញបន្ថែមចំណេះដឹងក្នុងវគ្គដ៏មានសារៈសំខាន់នេះ។
សូមជម្រាបជូនថា បច្ចុប្បន្នបណ្ឌិត ងិន បាណាល់ ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃ មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) និងមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលលោកបានឡើងកាន់តួនាទីនេះ តាំងពីឆ្នាំ២០១៣មក។ លោកបានរៀបការជាមួយលោកជំទាវ សុខ ចន្ធូ (កូនស្រីរបស់អ្នកឧកញ៉ា សុខ គង់) ហើយបច្ចុប្បន្នមានកូនចំនួន៣នាក់ ក្នុងនោះប្រុសម្នាក់ និងស្រី២នាក់៕