ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី វិមានសំណាង និងបុរី ខេអេស រ៉េស៊ីដេន បានបង្ហើបប្រាប់ពីឈ្មោះក្រុមហ៊ុនមួយដំបូងគេ ដែលលោកបានបង្កើតឡើងជាផ្លូវការ ឈ្មោះថា «Khmer Real Estate» កាលឆ្នាំ២០០៧ មុនពេលលោកក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរមួយរូប នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
ក្នុងឱកាសឡើងធ្វើបទបង្ហាញមួយលើប្រធានបទ “ឥទ្ធិពលរបស់វិនិយោគទុនចិនទៅលើទីផ្សារអចលនទ្រព្យកម្ពុជា” ក្នុងព្រឹត្តិការណ៍តាំងពិពណ៌អចលនទ្រព្យដ៏ធំមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧកញ៉ា គីម ហ៊ាង បានថ្លែងថា ពីមុនលោកធ្លាប់ធ្វើការងារឱ្យគេ ប៉ុន្តែរយៈពេល១៨ឆ្នាំចុងក្រោយនេះ លោកបានបាត់បង់ការងារអស់ហើយ។ លោកបានបន្តថា កាល១៨ឆ្នាំមុន ពេលលោកបញ្ចប់ការសិក្សាពីប្រទេសកូរ៉េខាងត្បូង ហើយត្រឡប់មកកម្ពុជា គឺមិនអាចដាក់ពាក្យធ្វើការងារបាន នេះជាហេតុផលដែលធ្វើឱ្យលោកត្រូវតែធ្វើអ្វីមួយ ដើម្បីរស់រានមានជីវិត។
លោកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ដូច្នេះខ្ញុំចាប់ផ្តើមបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយ តែយើងអាចនិយាយថាមិនទាន់ក្លាយជាក្រុមហ៊ុនផង ព្រោះពេលនោះគ្មានអាជ្ញាប័ណ្ណក្រុមហ៊ុនត្រឹមត្រូវទេ។ រហូតដល់ឆ្នាំ២០០៧ ខ្ញុំបានបង្កើតក្រុមហ៊ុនដំបូងជាផ្លូវការ ឈ្មោះថា «Khmer Real Estate» បន្ទាប់មកខ្ញុំក៏បានក្លាយជាប្រធានសមាគមន៍វាយតម្លៃអចលនទ្រព្យនៅកម្ពុជា រយៈពេល៤ឆ្នាំ ពីឆ្នាំ២០១៥-២០១៨។ ខ្ញុំក៏ជាជនខ្មែរមួយរូបដំបូងគេ ដែលបានក្លាយជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន [ASEAN Valuers Association (AVA)] នៅឆ្នាំ១៩៩៦”។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា ដូច្នេះក្នុងវិស័យអចលនទ្រព្យលោកបានធ្វើការតាំងពីភ្នាក់ងារអចលនទ្រព្យ អ្នកគ្រប់គ្រង ប្រធានសមាគម និងស្ទើរតែគ្រប់ផ្នែកទាំងអស់លើវិស័យអចលនទ្រព្យ រហូតដល់បច្ចុប្បន្នក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយរូប នៅប្រទេសកម្ពុជា។
សូមជម្រាបជូនថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវបានគេចាត់ទុកថា ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលជាម្ចាស់គម្រោងបុរីចំនួន២កន្លែង គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និងបុរី វិមានសំណាង (Borey Vimean Samnang)។
បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕