នៅវេលាម៉ោង១០យប់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុបនៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នាល្ងាចថ្ងៃអាទិត្យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណបងប្អូនជនរួមជាតិ ដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុប ដែលបានចេញសារគាំទ្រដំណើររបស់សម្តេច និងត្រៀមមកស្វាគមន៍នៅប្រុចសែល។
បើតាមសម្តេចតេជោ ក៏បង្ហាញក្តីសង្ឃឹមថា នឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃ១២ ធ្នូ ២០២២នៅប្រុចសែលតាមការគ្រោងទុក។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនេះ នឹងធ្វើឡើង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំ រំពឹងថា នឹងផ្តោតការពិភាក្សាទៅលើវិធី ដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ៕