ក្រុមហ៊ុន CPF ត្រៀមជួយពាណិជ្ជករខ្មែរនាំយកទំនិញចូលមកកាន់ទីផ្សារថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Chareon Pokphand Foods (CPF) Plc. បានអះអាងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការតម្រង់ទិស និងការគាំទ្របច្ចេកទេសដល់ពាណិជ្ជករ និងធុរជនខ្មែរ ដែលមានបំណងនាំយកទំនិញប្រភេទម្ហូបអាហារ មកលក់នៅតាមសាខាហាង 7-Eleven និងផ្សារទំនើបនានាទូទាំងប្រទេសថៃ ដើម្បីចូលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបជាមួយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក Lester Khoo បានគូសបញ្ជាក់ថា ក្រុមហ៊ុន CPF ផ្តោតលើគោលការណ៍ 3Fs (Feeds, Farms, និង Foods) ហើយមានក្រុមហ៊ុន C.P. Merchandising Co., Ltd ជាបុត្រសម្ព័ន្ធដែលមានបទពិសោធន៍ផ្នែកវេចខ្ចប់ និងនាំចេញម្ហូបអាហារជាង ៣០ឆ្នាំ ទៅកាន់ទីផ្សារពិភពលោក ដើម្បីជួយប្រឹក្សាយោបល់ជូនសហគ្រិន និងពាណិជ្ជករខ្មែរ ដែលចង់នាំយកទំនិញពីកម្ពុជា មកចែកចាយទីផ្សារប្រទេសថៃ។

នៅក្នុងជំនួបដដែលនោះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគូសបញ្ជាក់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន CPF និងបានស្នើលោក Lester Khoo ពិចារណាចុះកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលប្រមូលផ្តុំដោយសហគ្រិនវ័យក្មេងឆ្នើមៗនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រការធ្វើពិពិធកម្មផលិតផល និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ លោក អ៊ូក សោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមចំពោះក្រុមហ៊ុន CPF ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជនខ្មែរ ព្រមទាំងផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកស្ទួយវិស័យឧស្សាហកម្ម ហើយបើទោះបីត្រូវប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុននៅតែបន្តរក្សាប្រតិបត្តិការរបស់ខ្លួនដដែល ដើម្បីចូលរួមស្តារ និងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ នៅរយៈពេល៥ខែឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។

របាយការណ៍បង្ហាញថា «ទំហំពាណិជ្ជកម្មទ្វេភាគីរយៈពេល៥ខែ ឆ្នាំ២០២២ រវាងកម្ពុជា-ថៃ មានទឹកប្រាក់ ៣.៨៤ប៊ីលានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣.៣៥ប៊ីលានដុល្លារ»។

ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម៕