កាលពីថ្ងៃទី ១១ ធ្នូកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន តាមរយៈការតេទូរស័ព្ទ ហើយលោកក៏បានអរគុណដល់អាមេរិក ចំពោះការខ្នះខ្នែងផ្ដល់ជំនួយដល់អ៊ុយក្រែន ដែលមិនធ្លាប់មានពីមុនមក។
“ខ្ញុំសូមអរគុណដល់ការខិតខំជួយទាំងផ្នែកការពារ និងហិរញ្ញវត្ថុរបស់អាមេរិក មកកាន់ប្រទេសអ៊ុយក្រែន។ វាមិនមែនជាចំណែកតូចមួយនៃជ័យជំនះលើសមរភូមិទេ តែវាក៏បានជួយសម្រួលដល់ស្ថិរភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនទៀតផង”។ នេះបើតាមសំណេររបស់លោក Zelenskyy បានសរសេរលើ Telegram។
ក្រៅពីសព្វាវុធ និងហិរញ្ញវត្ថុ អាមេរិកក៏បានជួយជួសជុលប្រព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ដែលត្រូវបានកាត់ផ្ដាច់ស្ទើរទាំងស្រុងពីការវាយប្រហាររបស់កងទ័ពរុស្ស៊ីកាលពីខែតុលាផងដែរ ជាហេតុធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ មិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់សម្រាប់រដូវរងារាប់សប្ដាហ៍៕