តៃវ៉ាន់ចោទចិនថា បំពានច្បាប់ពាណិជ្ចកម្មអន្តរជាតិ ក្រោយបញ្ឈប់ការនាំចូលទំនិញខ្លួនភ្លាមៗ

អន្តរជាតិ

ថ្មីៗនេះ នារយករដ្ឋមន្ត្រីតៃវ៉ាន់ បានធ្វើការចោទប្រកាន់ទៅលើរដ្ឋាភិបាលចិន ថាបានរំលោភបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាបានរើសអើងមកលើដែនកោះរបស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ឈប់ការនាំចូលទំនិញភ្លាមៗ បន្ថែមទៀត ពីតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ យោងតាមក្រសួងហិរញ្ញវត្ថុរបស់តៃវ៉ាន់ បានអះអាងឱ្យដឹងថា អាជ្ញាធរគយចិន បានធ្វើការផ្អាកភ្លាមៗ ចំពោះការនាំចូលភេសជ្ជៈមានជាតិអាល់កុលមួយចំនួន ពីដែនកោះរបស់ខ្លួន កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។

មិនតែប៉ុណ្ណោះ មន្ត្រីតៃវ៉ាន់ បាននិយាយថា ជុំវិញការហាមឃាត់នេះ គឺទាក់ទងជាមួយនឹងបទប្បញ្ញត្តិ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញ នៅថ្ងៃទី ១ ខែមករា ដែលតម្រូវឱ្យក្រុមហ៊ុននាំចេញអាហារ និងភេសជ្ជ:តៃវ៉ាន់ទាំងអស់ ដែលនាំចូលទៅកាន់ចិនដីគោក គឺត្រូវតែចុះបញ្ជីជាមួយគយចិន ស្របពេលក្រុមហ៊ុនតៃវ៉ាន់មួយចំនួនទៀត នៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បានចោទប្រកាន់ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងថា បានរំលោភទៅលើបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមួយនឹងការបង្កើតច្បាប់ដោយខ្លួនឯង និងជ្រៀតជ្រែកក្នុងពាណិជ្ជកម្ម តាមរយ:មធ្យោបាយរដ្ឋបាល ។

ជាការពិតណាស់ ប្រទេសចិន នៅតែបន្តមានភាពតានតឹងជាមួយកោះតៃវ៉ាន់ ដោយពួកគេបានដាក់ចេញបម្រាមថ្មីៗជាច្រើន ដូចជាការបិទលើការនាំចូលផ្លែឈើ និងត្រីមួយចំនួនរួចហើយ ដើម្បីជាការសងសឹក ចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ កាលពីខែសីហា ។

លើសពីនេះ កាលពីមួយឆ្នាំមុន ការនាំចូលផ្លែម្នាស់ ពីតៃវ៉ាន់ក៏ត្រូវបានបញ្ឈប់ផងដែរ បន្ទាប់ពីអាជ្ញាធរចិន បានអះអាងថា បានរកឃើញសត្វល្អិតនៅក្នុងការដឹកជញ្ជូន ស្របពេលការប្រមូលផលប្រចាំឆ្នាំ របស់កសិករតៃវ៉ាន់ កំពុងតែបន្តដំណើរការនៅឡើយ៕