ថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្នើសុំជំនួយពីហូឡង់ ក្នុងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យានៅទីក្រុងហាណូយ ដែលមានលក្ខណៈស្រដៀងនឹង Brainport Eindhoven ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងដំណោះស្រាយឆ្លាតវៃ។
គួររំលឹកដែរថា Brainport Eindhoven គឺជាតំបន់បច្ចេកវិទ្យាកំពូលមួយក្នុងប្រទេសហូឡង់ ដែលបានប្រែក្លាយពីកសិកម្មទៅជាបច្ចេកវិទ្យាខ្ពស់ ហើយវៀតណាមក៏មានបំណងចង់កែប្រែរដ្ឋធានីទៅជាតំបន់បច្ចេកវិទ្យាកំពូលមួយនៅអាស៊ាន។
ដោយឡែក នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា Brainport នៅទីក្រុងហាណូយ គួរតែផ្តោតលើការលើកកម្ពស់ភាពច្នៃប្រឌិត និងសហគ្រិនភាព ដោយផ្តោតលើសេណារីយ៉ូ ដែលកំពុងលេចឡើងដូចជាការផ្លាស់ប្តូរឌីជីថល ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចរង្វង់ជាដើម។
បន្ថែមពីនោះលោកក៏បានបញ្ជាក់ទៀតថា បើមជ្ឈមណ្ឌលមួយនេះលេចរូបរាង វានឹងជួយដោះស្រាយដល់បញ្ហាអភិវឌ្ឍន៍កសិកម្ម បញ្ហាទាក់ទងនឹងដីសណ្ដទន្លេមេគង្គ ភាពអត់ឃ្លាន និងការលុបបំបាត់ភាពក្រីក្រ៕