AirAsia ចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុក ពង្រីកអាជីវកម្មនៅកម្ពុជា

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីម៉ាឡេស៊ី Tony Fernandes និង Kamarudin Meranun កាលពីថ្ងៃសុក្រកន្លងទៅ បានព្រមព្រៀងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ ឈ្មោះថា AirAsia Cambodia ជាមួយក្រុមហ៊ុន​ Sivilai Asia ដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពី Forbes ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ លោក Fernandes បាននិយាយថា នៅពេលការអនុម័តត្រូវបានដំណើរទៅតាមការគ្រោងទុក នោះក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅត្រីមាសទីពីរ នៃឆ្នាំ ២០២៣ ជាមួយនឹងការចាប់ផ្តើមជើងហោះហើរ ដោយយន្តហោះដំបូង ប្រភេទ Airbus A321s ចំនួន ៤ គ្រឿង។ ហើយចំពោះក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងដឹកនាំដោយសហគ្រិនជនជាតិខ្មែរ លោក Vissoth Nam ជានាយកប្រតិបត្តិ។

លើសពីនេះ លោក Vissoth នាយកក្រុមហ៊ុន Sivilai Asia និងជាស្ថាបនិក Bar Menaka នៅទីក្រុងភ្នំពេញ និងភោជនីយដ្ឋាន Hot Pot Angkor Meas នៅខេត្តសៀមរាប បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងនៃការភ្ជាប់ផ្លូវហោះហើរ រួមជាមួយតម្លៃសំបុត្រសមរម្យ នឹងជំរុញឱ្យមានតម្រូវការកាន់តែខ្លាំង សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ” ។

គួរឱ្យដឹងថា ក្រុមហ៊ុនថ្មីនៅកម្ពុជានេះ គឺជាក្រុមហ៊ុនទី ៥ ហើយ របស់ AirAsia ដែលបានបើកដំណើរអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំពេលមានការងើបឡើងវិញ នៃតម្រូវការធ្វើដំណើរជុំវិញតំបន់ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មានគោលដៅ ដឹកជញ្ជូនភ្ញៀវទេសចរ ពីតំបន់អាស៊ីអាគ្នេយ៍ ចិន ឥណ្ឌា និងកូរ៉េខាងត្បូង មកកាន់ទឹកដីអង្គរវត្តដ៏ល្បីល្បាញ ក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។

ដោយឡែក មហាសេដ្ឋីម៉ាឡេស៊ី លោក Fernandes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនរបស់លោក មានទំនុកចិត្តខ្ពស់ថាអាចទទួលបានប្រាក់ចំណេញ ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ ដោយលោកបន្ថែមទៀតថា ក្រុមហ៊ុនកំពុងកំណត់គោលដៅដឹកជញ្ជូនភ្ញៀវទេសចរយ៉ាងហោចណាស់មួយលាននាក់ មកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួន ៕