ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញា បត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣មក រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស, ផ្លូវ, ទឹក និងភ្លើង» ដើម្បីដើរឱ្យទាន់គេ និងចូលរួមប្រកួតប្រជែងជាមួយគេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការចៃដន្យនោះទេ ពីព្រោះស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បានវិវដ្តដល់ចំណុចរបត់មួយដែលខុសប្លែកពីស្ថានភាពដៃទទេ កាលពីកម្ពុជាទើបបញ្ចប់សង្រ្គាមស៊ីវិល។
បន្តទៅមុខទៀត កត្តា “មនុស្ស” ក៏នៅតែជាអាទិភាពចម្បងបំផុត ហើយទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ក៏នៅបន្តកសាងស្តារ ដើម្បីបូករួមផ្សំបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។ នេះបើតាមការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ៕