ពីប្រទេសបែលហ្ស៊ិក សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់ពីការសាងសង់ស្ពានចំនួន៣បន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ២០២៣ ខាងមុខ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ស្ពាន​ឆ្លង រវាង​ខេត្តក្រចេះ និង​ខេត្តកំពង់ធំ គ្រោង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ១១១,៩៨​លាន​ដុល្លារ ដោយ​ត្រូវ​ប្រើ​រយៈពេល​សាងសង់ ៤២​ខែ។

ចំណែកឯគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួលនិងប្រគល់រួចហើយនូវទឹកប្រាក់ជាង ២៤៥លានដុល្លារអាមេរិក  ដែលគម្រោងនេះនឹងត្រូវចាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ក្រោមកម្ចីឥ​ណ​ទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

ដោយឡែកសម្រាប់ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់៕