ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា សន្និធិបំណុលរបស់កម្ពុជាវិញ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំនេះ ពោលគឺត្រឹម៩ខែ ឆ្នាំ២០២២នេះ មានជិត៩ពាន់៥រយលានដុល្លារ។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញទៀតថា នៅ៩ខែឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីពីដៃគូអភិវឌ្ឍន៍នានាចំនួនជាង១ពាន់២១៧លានដុល្លារអាមេរិក ឬប្រហែលនឹង៩៤៩ SDR ដែលស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត១ពាន់៦រយលាន SDR។ ចំនួនហិរញ្ញប្បទានសម្បទាននេះមានការកើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមឥណទានទាំងនេះកម្ពុជាទទួលបានក្រោមក្របខណ្ឌទ្វេភាគីប្រមាណ៦៨% និងពហុភាគី៣២%។ ដោយឡែក ចំពោះសន្និធិបំណុលរបស់កម្ពុជាវិញ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំនេះ មានជិត៩ពាន់៥រយលានដុល្លារផងដែរ។
ជាងនេះព្រឹត្តិបត្រដដែល បានបញ្ជាក់ទៀតថា នៅ៩ខែឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងទទួលកម្ចីសម្បទានពីប្រទេស និងដៃគូអភិវឌ្ឍន៍នានាជាង១ពាន់២រយលានដុល្លារអាមេរិក កើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងលើកម្ចីបំណុលពីបរទេសបន្ថែមទាំងនេះ គឺដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល និងសំដៅរួមចំណែកទ្រទ្រង់ចីរភាពកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។
គួរបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ឆ្នាំ២០២២ កម្ពុជាបានទូទាត់បំណុលជូនដៃគូអភិវឌ្ឍន៍បានជាង ៤០៤លានដុល្លារអាមេរិក កើនឡើងប្រមាណ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងក្របខណ្ឌបំណុលទ្វេភាគី ប្រទេសដែលជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា រួមគឺប្រទេសចិនមានដល់ទៅ ៤១% បន្ទាប់មក គឺជប៉ុនមាន១០% ខណៈកូរ៉េខាងត្បូង ៥% និងបារាំង ៥%៕