ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានវិនិយោគទឹកប្រាក់ច្រើនជាង ១០០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដើម្បីសម្រួលដល់សង្វាក់ផ្គត់ផ្គង់នៅប្រទេសជប៉ុន។ នេះបើតាមការឲ្យដឹងពីនាយកប្រតិបត្តិ Tim Cook។
CEO នៃក្រុមហ៊ុន Apple បានធ្វើដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតបន្ទះឈីបជាច្រើននៅប្រទេសជប៉ុន ហើយក្នុងនោះលោកក៏បានចូលទស្សនារោងចក្ររបស់ក្រុមហ៊ុនខ្នាតយក្សតៃវ៉ាន់ TSMC ទៀតផង។
បន្ថែមពីនោះ Apple បានអះអាងថា ពួកគេបានបង្កើនការចំណាយច្រើនជាង ៣០% តាំងពីឆ្នាំ ២០១៩ នៅជប៉ុន ជាមួយនឹងបណ្ដាញផ្គត់ផ្គង់ជិត ១ ០០០ ក្រុមហ៊ុនទូទាំងប្រទេស រាប់តាំងពីក្រុមហ៊ុនខ្នាតយក្ស រហូតដល់អាជីវកម្មបែបគ្រួសារ។
គួរឲ្យដឹងដែរថា ជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំមួយរបស់ Apple ពោលក្រុមហ៊ុន Sony Group Corp គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍ចាប់សញ្ញាកាមេរ៉ា (Camera Sensors) សម្រាប់ទូរស័ព្ទ iPhone ហើយក៏នៅមានក្រុមហ៊ុនដូចជា Inoue Ribbon Industry និង Shincron Co ផងដែរ ដែលជាដៃគូសំខាន់របស់ Apple៕