តុលាការពន្យារពេលកាត់ទោសមហាសេដ្ឋីហុងកុង រហូតដល់ជិតមួយឆ្នាំ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ តុលាការ​បាន​ប្រកាស​សម្រេច​ដាក់ទោស​មហាសេដ្ឋី Jimmy Lai ឲ្យជាប់ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ និង ៩ ខែ បន្ទាប់​ពី​ចោទប្រកាន់​លោក​ជាប់ពាក់ព័ន្ធ​នឹង​ករណីឆបោក។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ដោយសារមាន​ការ​តវ៉ា និង​អន្តរាគមន៍​ពី​លោកខាងលិច​ខ្លាំងក្លា ពេលនេះ​តុលាការ​បាន​ពន្យារពេល​កាត់ទោស​ស្ដេចត្រាញ់​ហុងកុង រហូត​ដល់​ខែកញ្ញា ឆ្នាំ ២០២៣ ស្របពេល​រដ្ឋាភិបាល​ព្យាយាម​រារាំង​មេធាវី​នៅបរទេស​របស់​បុរសវ័យ ៧៥ ឆ្នាំ ពី​ការការពារ​រូបលោក។ នេះ​បើតាម​ការ​ចុះផ្សាយពី Bangkokpost។

ប្រភពដដែលបន្ថែមថា មហាសេដ្ឋី​ខាងលើ​មាន​បំណង​ចង់​ឲ្យ​មេធាវី​ចាស់វស្សា Tim Owen ជនជាតិ​អង់គ្លេស ជា​អ្នក​ការពារក្ដី​របស់​លោក ប៉ុន្តែ​សំណើ​ខាងលើ​ត្រូវបាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​ ក្រោម​អំណះអំណាង​ថា មិនអនុញ្ញាត​ឲ្យ​ជនបរទេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ ដែល​ទាក់ទង​នឹង​ច្បាប់​សន្តិសុខជាតិ។

គួររំលឹក​ដែរថា សេចក្ដី​សម្រេច​ជា​ផ្លូវការ​ជុំវិញ​រឿងក្ដី​របស់ Jimmy Lai គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ខែ​នេះ ប៉ុន្តែ​វា​ត្រូវបាន​លើក​ទៅ​កាន់​ចុងត្រីមាសទី ៣ នា​ឆ្នាំក្រោយ​វិញ​ គឺ​នៅ​ថ្ងៃទី ២៥ កញ្ញា ២០២៣ បន្ទាប់​ពី​មាន​ការ​តវ៉ា​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​អ្នកគាំទ្រ​លោក។

សូមជម្រាបបន្ថែមថា ក្រៅពីរងការចោទប្រកាន់ពីករណីឆបោក មហាសេដ្ឋីរូបនេះក៏​ប្រឈម​នឹងការជាប់ពន្ធនាគារមួយជីវិត​ទៀតផង ពីបទ “ឃុបឃិតជាមួយកងកម្លាំងបរទេស” ដែលជា​បទ​ឧក្រិដ្ឋកម្ម ​ក្រោម​ច្បាប់​សន្តិសុខ​ក្រុង​ប៉េកាំង​ បាន​ដាក់​លើ​ទីក្រុង​ហុងកុង​ដើម្បី​បង្ក្រាប​ការ​តវ៉ា​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​ឆ្នាំ ២០១៩៕