កាលពីថ្ងៃទី ១៤ ខែ ធ្នូ ២០២១ កន្លងទៅធនាគារ ABA បានសម្រេចចុះហត្ថលេខាទិញមូលបត្របំណុលមានតម្លៃ ៣០លានដុល្លារ សម្រាប់វិនិយោគលើក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោតាខ្មៅ ស្ថិតនៅខេត្តកណ្តាល។ នៅក្នុងពិធីហត្ថលេខានាគ្រានោះ ធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) និងធនាគារ ABA ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ។
ជាមួយនឹងការសម្រេចចិត្តទិញមូលបត្របំណុលនេះធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក្នុងពេលទៅពិនិត្យមើលវឌ្ឍនភាពសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងកន្លងទៅថា ដំណើរការសាងសង់នេះប្រើប្រាស់កម្លាំងបុគ្គលិក និង កម្មករសរុប ៣,៧៤០នាក់ ។ ក្នុងនោះ កម្លាំងបុគ្គលិក និងកម្មករក្នុងស្រុក ៣,១២៥នាក់ ចំណែកឯ ៦១៥នាក់ ទៀតជាបុគ្គលិក និងកម្មករមកពីប្រទេសចំនួន ៩នៅអឺរ៉ុប ។
គួរឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានអន្តជាតិក្រុងតាខ្មៅកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ខណៈគិតមក ត្រឹមខែមិថុនា ឆ្នាំ២០២២នេះ សម្រេចការសាងសងបានប្រមាណ ៣៣ភាគរយ ហើយគ្រោងនឹងបញ្ជប់ការសាង សង់ដំណាក់កាល ទី ១ នៅក្នុងឆ្នាំ ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវនៅដើមឆ្នាំដើម២០២៥។
សូមបញ្ជាក់ថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» ថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ៕