លោក ហ៊ុន ម៉ាណែត អះអាងថា កត្តាសុខសន្តិភាព បង្កើតបរិយាកាសគ្របដណ្តប់សម្រាប់វិនិយោគ និងអាជីវកម្ម ធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី បានលើកឡើថា កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងអាជីវកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ ២ ទសវត្សរ៍ កន្លងមកនេះ។ លោកថា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយកម្ពុជាក៏បានវិវត្តខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថា នៅសល់ ១៥ថ្ងៃទៀត នឹងដល់គម្រប់ខួបទី ២៤ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ ហើយតាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ, ប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។

បើតាមលោកលោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។ តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ, ធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ ។

លោកថ្លែងបន្ថែម៖ «ការកសាង និងអភិវឌ្ឍគ្រួសារមួយ មិនមែនជាកិច្ចការសាមញ្ញ និងងាយស្រួលនោះទេ រីឯការកសាងសហគមន៍ និងប្រទេសមួយពីបាតដៃទទេ គឺរឹតតែពិបាក និងរមែងជួបប្រទះនូវបញ្ហាប្រឈម, ភាពរកាំរកូស និងការរអាក់រអួលខ្វះខាតមិនខានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ, ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី, កម្ពុជា បាន និងកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់»។

បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទូទាំងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការវិវឌ្ឍរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឱ្យជឿ ដែលប្រជាជនកម្ពុជា ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសនានានៅលើសកលលោក អាចមើលឃើញជាក់ស្តែង និងបានកោតសរសើរគ្រប់ៗគ្នា។

លោកបន្ថែមទៀតថា ពិតណាស់ កម្ពុជាដែលធ្លាប់តែជាប្រទេសក្រីក្រ បានប្រែក្លាយខ្លួនយ៉ាងលឿនដល់ចំណុចមួយ ដែលមានទាំងឆន្ទៈ ព្រលឹង អត្តសញ្ញាណ ការប្រឹងប្រែង សមត្ថភាព និងធនធានគ្រប់គ្រាន់ប្រកបដោយភាពម្ចាស់ការក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់អនាគតដ៏វែងឆ្ងាយ ក៏ដូចជាការចូលរួមដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសដទៃទៀតក្នុងកិច្ចការតំបន់ និង សកល។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានបន្តបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ខណៈដែលឆ្នាំ ២០២២នេះ សេដ្ឋកិច្ចមានកំណើនក្នុងអត្រាប្រមាណ ៥,៤%។ សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។

យ៉ាងណា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០២៣ បញ្ជាក់ថា ប្រទេសកម្ពុជានៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមិនសម្រេចបានតាមការគ្រោងទុក ឬក៏បន្ទុយបង្អាក់ដល់កំណើន។ កត្តាទាំងអស់នោះ រួមមានការបន្តកើនឡើងនូវសម្ពាធអតិផរណា ការរឹតបន្តឹងកាន់តែលឿន និងកាន់តែខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេសការតម្លើងអត្រាការប្រាក់នៃធនាគារកណ្តាលអាមេរិក។

លើសពីនេះ ការថមថយកំណើនសេដ្ឋកិច្ចចិន ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេសការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន​ និងបញ្ហាតៃវ៉ាន់ ការបែងចែកប្លុកសេដ្ឋកិច្ច ពាណិជ្ជកម្មសកលលោក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម ក៏សុទ្ធសឹងជាកត្តាដែលគួរឲ្យព្រួយបារម្មណ៍ពីការបង្អាក់ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជា៕