កាលពីថ្ងៃទី ១៣ ធ្នូកន្លងទៅ សម្ព័ន្ធមិត្តអ៊ុយក្រែន មហាអំណាចលោកខាងលិចបានធានាផ្ដល់ជូនកញ្ចប់ជំនួយដែលមានតម្លៃ ១ ពាន់លានអឺរ៉ូ ឬជាង ១ ពាន់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហានារដូវរងាដែលអ៊ុយក្រែនកំពុងជួបប្រទះ។
ការសន្យាមួយនេះ បានធ្វើឡើងនៅទីក្រុងប៉ារីស ដោយមានការចូលរួមពីបណ្ដាប្រទេសប្រហែល ៧០ រួមទាំងអង្គការអន្តរជាតិផ្សេងៗផង ដើម្បីជួយអ៊ុយក្រែនដោះស្រាយបញ្ហានារដូវរងា។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើង។
កញ្ចប់ជំនួយនេះ នឹងជួយដល់ការជួសជុលបណ្ដាញអគ្គិសនីនៅអ៊ុយក្រែនដែលរងការខាតបង់ធ្ងន់ធ្ងរ ប្រមាណ ៤០០ លានអឺរ៉ូ ក៏ដូចជាទុកទិញឧស្ម័ន និងប្រេងពីប្រទេសផ្សេងៗផង។
សូមជម្រាបដែរថា កាលពីប៉ុន្មានសប្ដាហ៍មុន បណ្ដាញអគ្គិសនីនៅអ៊ុយក្រែនត្រូវបានកាត់ផ្ដាច់ស្ទើរទូទាំងប្រទេស ដោយសារការវាយប្រហារពីរុស្ស៊ី ធ្វើឲ្យប្រធានាធិបតី Volodymyr Zelensky មានការព្រួយបារម្ភជាខ្លាំង រហូតស្នើសុំការអន្តរាគមន៍ពីមហាអំណាចលោកខាងលិច និងអង្គការអន្តរជាតិធំៗជុំវិញបញ្ហាមួយនេះ៕