កាលពីដើមសប្តាហ៍នេះ ក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រកាសថាខ្លួន កំពុងផ្តល់ប្រាក់កម្ចីចំនួន ២,៥ ពាន់លានដុល្លារ ដើម្បីជួយដល់ការបង្កើតមជ្ឈមណ្ឌលផលិតអាគុយលីចូមថ្មីៗចំនួន ៣ នៅក្នុងរដ្ឋ Ohio , Tennessee និងរដ្ឋ Michigan ។
បើតាមការចុះផ្សាយពី CNN បានបង្ហាញថា ការិយាល័យផ្តល់ប្រាក់កម្ចី DOE នឹងផ្តល់ជូនប្រាក់កម្ចីការប្រាក់ទាប ដល់ Ultium Cells LLC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន General Motors (GM) និងក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង LG Energy Solutions ដើម្បីផលិតអាគុយ បំពាក់លើរថយន្តអាគ្គិសនី។
តាមរយ:ការសាងសង់រោងចក្រថ្មីៗនេះផងដែរ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន GM ដែលបានសន្យាថា នឹងផលិតតែរថយន្តអគ្គិសនីទាំងអស់ នៅត្រឹមឆ្នាំ ២០២៥ ពោលគឺស្របគ្នាជាមួយនឹងគោលដៅរបស់ប្រធានាធិបតី លោក Joe Biden ដែលបានកំណត់ថា ពាក់កណ្តាលនៃរថយន្តថ្មីដែលដាក់លើទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវតែជារថយន្តអគ្គិសនី នៅឆ្នាំ ២០៣០ ។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បាននិយាយថា ប្រាក់កម្ចីពី DOE នេះ នឹងផ្តល់ជូនដើម្បីចាប់ផ្តើមផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងស្រុក ដើម្បីអាចកាត់បន្ថយការពឹងផ្នែកទៅលើប្រទេសផ្សេង ក្នុងការបំពេញតាមតម្រូវការកើនឡើង នាពេលបច្ចុប្បន្ន និងអនាគត ។
លើសពីនេះ DOE បានធ្វើការប៉ាន់ប្រមាណថា នៅពេលរោងចក្រ Ultium Cells ចំនួនបី សាងសង់រួចរាល់ នោះវានឹងអាចបង្កើតការងារថ្មីៗជូនពលរដ្ឋអាមេរិក រហូតដល់ជាង ១១ ០០០ កន្លែង ៕