ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
បើតាមក្រសួងពាណិជ្ជកម្ម កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត។
លោក PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ធ្នូ បានបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។
ជាការឆ្លើយតប លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្របសម្រួលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ចនៅកម្ពុជា និងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអ៊ីតាលីនៅកម្ពុជានាពេលខាងមុខ៕