អ្នកឧកញ៉ា ឧកញ៉ា ចំនួន១២រូប នឹងអញ្ជើញចូលរួមពិធីសន្និបាតប្រចាំឆ្នាំ២០២២ របស់ក្រសួងដែនដី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា និងឧកញ៉ា ចំនួន១២រូប នឹង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២២ ​​​​និង​សម្ពោធ​​អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ២០២២​ ខាងមុខនេះ ក្រោម​អធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ប្រភព​ជិត​ស្និត​ដែល​ឧកញ៉ា ញូស៍ ទទួល​បាន​ ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២២ ​​​​និង​សម្ពោធ​​អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​នឹង​មាន​ការអញ្ជើញ​ចូល​រួម​ពី​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ​​រួម​ទាំង​វត្តមាន​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឧបនាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​កង​កម្លាំង​គ្រប់ប្រភេទ និង​អភិបាល​រាជធានីខេត្ត​ទាំង​២៥ ផងដែរ។

យ៉ាងណាមិញ សម្រាប់​វិស័យ​ឯកជន​វិញ ​​ក៏​​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នកឧកញ៉ា និង​ឧកញ៉ា ជា​ច្រើន​រូប​ផង​ដែរ ដែល​កំពុង​កាន់​កាប់​មុខ​ជំនួញ​ធំៗ ​ក្នុង​នោះ​មាន​ដូច​ជា៖

១. អ្នកឧកញ៉ា គិត ម៉េង ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា
២. អ្នកឧកញ៉ា ពុង ឃាវសែ ៖ ប្រធានសមាគមអ្នកសាងសង់កម្ពុជា
៣. អ្នកឧកញ៉ា លី ហួរ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
៤. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ ប្រធានក្រុមហ៊ុន LYP Group
៥. អ្នកឧកញ៉ា ម៉ុង ឬទ្ធី ៖ អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប
៦. អ្នកឧកញ៉ា លាង ឃុន ៖ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប
៧. លោកឧកញ៉ា ថៃ ជាហួត ៖ អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត
៨. អ្នកឧកញ៉ា លាង ម៉េង ៖ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប
៩. លោកឧកញ៉ា ខូវ គីមបាក់ ៖ ប្រធានរោងចក្រម្សៅមីអាស៊ី
១០. អ្នកឧកញ៉ា សៀ ឬទ្ធី ៖ ប្រធានក្រុមហ៊ុន វើលប៊្រីដលែន
១១. លោកឧកញ៉ា ប៊ុន ជេស្ឋ ៖ សហស្ថាបនិកក្រុមហ៊ុន B&BM Development Co.,Ltd
១២. ឧកញ៉ា ផាត់ ប៊ុន ៖ សហស្ថាបនិកក្រុមហ៊ុន B&BM Development Co.,Ltd ។

សូមជម្រាបថា ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២២ របស់ក្រសួងដែនដី ​គឺ​ធ្វើ​ឡើង​ដើម្បី​​វាយ​តម្លៃ​អំពី​សមិទ្ធផល​នានា​​ដែល​ក្រសួង​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ​និង​​ការ​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣។ បន្ថែម​ពី​នេះ ក្រសួង​ក៏​បាន​បញ្ចូល​កម្មវិធី​សម្ពោធ​​អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ ផងដែរ។ អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ ​ត្រូវ​បាន​​បើកការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ២០២១។ អគារ​នេះ​ ស្ថិត​នៅ​បរិវេណទីស្ដីការក្រសួងដែនដីថ្មី នៅ​ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ ត្រូវ​បាន​សាង​សង់​លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា។ អគារនេះ នឹង​ប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម៕