ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃទី ១៤ ធ្នូថា លោកមានក្ដីរំពឹងថា ជំងឺរាតត្បាតកូវីដ ១៩ នឹងលែងក្លាយជាបញ្ហាសកល ក្នុងរយៈពេលណាមួយនៅឆ្នាំក្រោយ។
យោងតាមការចុះផ្សាយពី CNA បានបញ្ជាក់ទៀតថា តាំងពីផ្ទុះជំងឺកូវីដ ១៩ នៅប្រទេសចិនកាលពី ៣ ឆ្នាំមុន មន្ត្រី WHO តែងតែជួបពិភាក្សាគ្នារៀងរាល់ ២-៣ ខែម្ដង ដើម្បីតាមដានការវិវត្តនៃជំងឺថ្មីនេះ ក៏ដូចជាព្យាយាមស្រាវជ្រាវរកថ្នាំព្យាបាលវាផងដែរ។
បន្ថែមពីនោះ កូវីដ ១៩ បានសម្លាប់មនុស្សអស់ច្រើនជាង ៦,៦ លាននាក់ នឹងត្រូវបាន WHO ចាត់ទុកវាជា “ការប្រកាសអាសន្នធ្ងន់ធ្ងរនៃវិស័យសុខាភិបាលសាធារណៈ” (PHEIC)។
ដោយឡែក លោក Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃ WHO បានបង្ហើបថា ដើម្បីអាចបញ្ចប់ PHEIC បាន លុះត្រាតែប្រជាពលរដ្ឋទាំងអស់ទទួលបានការចាក់វ៉ាក់សាំងជាមុនសិន ទើបការស្រាវជ្រាវថ្នាំព្យាបាលអាចពន្លឿនទៅមុខបាន៕