សម្តេច ហ៊ុន សែន៖ មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាពតាមរយៈការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាមនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាពតាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាមនោះឡើយ។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក នារសៀលថ្ងៃទី១៤ ធ្នូ។នាឱកាសនោះ សម្តេចតេជោ បានលើកឡើងបន្តថា

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និងបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្មនៅកម្ពុជា សម្តេចមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាពតាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាមនោះឡើយ។ក្នុងន័យនេះ សម្តេច សង្ឃឹមដោយស្មោះថា យើងគួររឹតកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង។

ជាងនេះទៀត សម្តេចក៏បានកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៨-២០២២ ថែមទៀត។ឆ្លៀតឱកាសនោះដែរ សម្តេចក៏បានបង្ហាញទំនុកចិត្តថា កិច្ចពិភាក្សានៅក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យអាស៊ាន-សហភាពអឺរ៉ុប ធ្វើការផ្លាស់ប្ដូរនូវស្មារតីរួមឱ្យទៅជាចក្ខុវិស័យ ប្រកបដោយភាពជាក់ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់របស់យើង និងពិភពលោកទាំងមូល។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបង្ហាញការជឿជាក់ដែរថា ស្មារតី, មនសិការ និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីររបស់អាស៊ាន-សហភាពអឺរ៉ុប បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយភាពជោគជ័យជាមួយនឹងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន៕ អត្ថបទ៖ រង្សី