អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានជាង ៥០ម៉ឺនដុល្លារអាមេរិក ខណៈ CSX ក៏បានបង្ហាញមហិច្ឆិកា បង្កើនទំហំជួញដូរប្រចាំថ្ងៃ ឱ្យបានជាមធ្យម ១០០លានដុល្លារនៅឆ្នាំ២០៣០ខាងមុខផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកអគ្គនាយក ធ្វើឡើងក្នុងពិធីចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នាពេលថ្មីៗនេះ។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញឱ្យដឹងថា ទំហំជួញដូរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បានបង្ហាញសញ្ញញដ៏ល្អប្រសើរ ដែលបានកើនឡើងទ្វេមួយជាពីរ ជារៀងរាល់ឆ្នាំ។ CSX នឹងខិតខំធ្វើការងារ ដើម្បីជំរុញទំហំជួញដូរឱ្យបានកើនឡើងទ្វេមួយជាពីររៀងរាល់ឆ្នាំរហូតឆ្នាំ២០៣០ ដែលលោករំពឹងថា នៅ៧ឆ្នាំក្រោយការជួញដូរ នឹងឈានដល់១០០លានដុល្លារ។
លោកបន្តថា នាពេលថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់ឧកញ៉ាល្បីៗមួយចំនួននៅកម្ពុជា ក៏បានត្រៀមខ្លួនឈានជើងចូលក្នុងទីផ្សារផងដែរ ព្រមជាមួយនឹងការចាប់អារម្មណ៍ពីក្រុមហ៊ុន ដែលមានភាគហ៊ុនពីបរទេស។ ជាមួយគ្នា វិស័យមូលបត្រកម្ពុជាបាននិងបង្កើត ផលិតផលថ្មីៗដូចជាមូលនិធិវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ដែលគ្រោងនឹងដាក់ដំណើរការក្នុងទីផ្សារនៅឆ្នាំ២០២៣ខាងមុខ។ តាមរយៈកំណើននៃការចុះបញ្ជីរបស់ក្រុមហ៊ុន និងផលិតផលថ្មីនេះ នឹងទាក់ទាញបានវិនិយោគគិនកាន់តែច្រើនឱ្យចូលមកជួញដូរមូលបត្រនៅក្នុងទីផ្សារ កាន់តែទូលាយ។
គួរបញ្ជាក់ថា បើតាមអគ្គនាយក CSX រូបនេះ ១០ខែដំបូង ក្នុងឆ្នាំ២០២២នេះ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានជាង ៥០ម៉ឺនដុល្លារ ក្នុងនោះការជួញដូរដោយវិនិយោគិនជាជនខ្មែរ មានចំនួនប្រមាណ៧៦% និងវិនិយោគិនបរទេសចំនួន២៤%។
បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីផ្នែកមូល
បត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីបំណុលចំនួន ៧ ក្រុមហ៊ុន៕