ឥណ្ឌូនេស៊ី ទទួលបានប្រាក់កម្ចីជាង ៩០​ លានដុល្លារ ពី ADB ដើម្បីជំរុញដល់ការចិញ្ចឹមបង្គា

អន្តរជាតិ

ថ្មីៗនេះ ធានាគារអភិវឌ្ឍអាស៊ី ADB បានអនុម័តប្រាក់កម្ចីចំនួន ៩៣ លានដុល្លារអាមេរិក ដើម្បីជំរុញដល់ការចិញ្ចឹមបង្គា សម្រាប់កសិដ្ឋានខ្នាតតូច នៅក្នុងខេត្តចំនួន ៧ ក្នុងប្រទេសឥណ្ឌូនេស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយ Jakarta Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:គម្រោងមួយ ដែលមានឈ្មោះថា កំណែទម្រង់ហេដ្ឋានរចនាសម្ព័ន្ធសម្រាប់វារីវប្បកម្មបង្គា ត្រូវបានរៀបចំឡើង ដើម្បីជួយដល់ក្រសួងកិច្ចការសមុទ្រ និងជនផលឥណ្ឌូនេស៊ី ក្នុងការណែនាំឱ្យមានការចិញ្ចឹមបង្គា ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដើម្បីបង្កើនផលិតភាព និងគុណភាព ក្នុងគោលបំណងផ្តល់ប្រាក់ចំណេញ និងអភិរក្សបរិស្ថាន នៅក្នុងតំបន់ចិញ្ចឹមបង្គា សម្រាប់កសិដ្ឋានខ្នាតតូច។

គួរឱ្យដឹងថា ខេត្តចំនួន ៧ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោងនេះ រួមមាន កោះបាលី , Banten , កោះជ្វាកណ្តាល , កោះជ្វាខាងកើត , Lampung , Nanggroe Aceh Darussalam និង South Sulawesi។

យ៉ាងណាមិញ លោក Eric Quincieu អ្នកឯកទេសផ្នែកធនធានទឹក របស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានពន្យល់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសដ៏សំខាន់មួយ នៅក្នុងទីផ្សារពិភពលោក ជាមួយនឹងចំណែកទីផ្សារ ៨,៧% ដែលបានធ្វើឱ្យពួកគេ ក្លាយជាអ្នកចញ្ចឹមបង្គាធំជាងគេទី ៥ លើពិភពលោក ហើយក៏ជាអ្នកនាំចេញដ៏ចម្បងមួយ ទៅកាន់សហភាពអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក ។

លើសពីនេះ លោក Eric បានបង្ហាញលម្អិតថា គម្រោងប្រាក់កម្ចីនេះ នឹងធ្វើឱ្យប្រសើឡើងនូវលទ្ធភាព ក្នុងការផ្តល់ចំណេះដឹងបន្ថែមទៅកាន់ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូនេស៊ី ក្នុងការបង្កាត់កូនបង្គា ដែលមានហ្សែនគុណភាពខ្ពស់ និងកាត់បន្ថយការពឹងផ្នែកទៅលើការនាំចូលពូជពីក្រៅប្រទេស ៕