សម្តេចតេជោ ហ៊ុន សែន ផ្ដល់​អនុសាសន៍ចំ​នួន​៥ចំនុច ដល់​វេទិកានិពន្ធនាយកសារ​ព័ត៌មាន​​​កម្ពុជា​លើកទី១៩

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឳកាសអបអរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ សម្តេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អនុសាសន៍ចំនួន៥ចំនុច ដល់វេទិកានិពន្ធនា​យក​សារព័ត៌​​មានកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពីភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុសាសន៍ចំនួន៥ចំនុចរបស់សម្តេចតេជោ ហ៊ុន សែន នោះរួមមាន៖

១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាស
និយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងំសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន
សារព័ត៌មាន។

២-បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។

៣- ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់ សង្គម។

៤- បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យ
កាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩
បានគ្រប់ៗគ្នា។

៥- ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែល​​បានខិតខំ​ប្រឹងប្រែង​ក្នុងការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ទាំង​នៅ​ក្នុង​ប្រទេស និងនៅ​ក្រៅ​ប្រទេស​បានដឹង និងស្វែងយល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការរៀបចំ​កិច្ចប្រជុំរដ្ឋមន្ត្រីកា​​របរ​ទេសអាស៊ានលើកទី៥៥ និង​​កិច្ច​ប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ាន លើក​ទី​​៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែល កម្ពុជា​​ធ្វើជាម្ចាស់ផ្ទះទើបបញ្ចប់នាពេលថ្មីៗកន្លងមកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជា សម្រេច​​​បាន។

គួរបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា គឺជាវេទិកាដែលក្លិបអ្នកកាសែតកម្ពុជា បានរៀប​ចំ​ឡើង ​​ដើម្បីផ្ដល់​​ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន​ បានជួប​ជុំពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំ​​លែ​ក​បទពិសោធន៍ និងដោះស្រាយ បញ្ហាដែលបាន​អនុវត្ត​នាពេល​​កន្លងមក ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តនា​ពេល​ខាងមុខ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងកិត្យានុភាពនៃស្ថាប័នសារព័ត៌មាន ព្រមទាំងពង្រឹងការអនុវត្ត ក្រុមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន នៅ​ក្នុងព្រះរាជាណាច​ក្រ​កម្ពុជា។