ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៤ ខែមីនានេះ បានបន្ដដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងអគារស្នាក់នៅ២កន្លែងបន្ថែមទៀត ដើម្បីត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជំងឺកូវីដ១៩ ក្នុងនោះ មាន សណ្ឋាគារព្រះវិហារជ័យ ដែលជារបស់
លោកឧកញ៉ាបណ្ឌិត អ៉ឹង ឃាង នឹង ផ្ទះសំណាក់មួយកន្លែង។
មានការអញ្ជើញចូលរួមអមដំណើរនាឱកាសនោះ រួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជាច្រើនរូបផងដែរ ។ ការចុះពិនិត្យទីតាំងនេះ បានធ្វើឡើងដោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការ ក្នុងករណីដែល COVID-19 ផ្ទុះឡើង។
សូមបញ្ជាក់ថា ការចុះពិនិត្យទីតាំងស្នាក់នៅទាំង២កន្លែងនាពេលនេះ រួមមានទី១ៈ សណ្ឋាគារ ព្រះវិហារជ័យ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រអែម ស្រុកជាំក្សាន្ដ មានចំនួន ៤២បន្ទប់ និងទីតាំងទី២ៈ ស្ថិតនៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ មានចំនួន ២២បន្ទប់៕
ប្រភព៖https://www.information.gov.kh/