តើតំណែងណាខ្លះមានគោរមងារជា «ឯកឧត្តម លោកជំទាវ»?

សង្គម​ និង​សេដ្ឋកិច្ច

គេហទំព័រឧកញ៉ាញូស៍ បានទទួលសារជាច្រើនអំពីចម្ងល់ថា តើពាក្យឯកឧត្តម លោកជំទាវ ប្រើប្រាស់សម្រាប់មុខងារ ឫដំណែងណាខ្លះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះសូមបង្ហាញត្រួសៗនូវចម្ងល់ទាំងអស់នេះ ដូចតទៅ។ ឯកឧត្តម លោកជំទាវ ជាគោរមងារ​សម្រាប់មន្ត្រី ដែលមានឋានន្តរសក្ដិខ្ពស់​ក្នុងជួររាជរដ្ឋាភិបាល​បច្ចុប្បន្ន។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំង​ដោយព្រះរាជក្រឹត្យ តាមរយៈសំណើ​របស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។

ជនដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែង ឬឋានៈស្មើជា៖
– ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
– នាយករដ្ឋមន្ត្រី
– ឧបនាយករដ្ឋមន្ត្រី
– ទេសរដ្ឋមន្ត្រី
– រដ្ឋមន្ត្រី
– រដ្ឋលេខាធិការ
– អនុរដ្ឋលេខាធិការ
– អគ្គនាយក
– សមាជិករដ្ឋសភា និងព្រឹទ្ធសភា
– ឯកអគ្គរាជទូត
– ក្រុមប្រឹក្សារាជធានី ខេត្ត
– អភិបាលរាជធានី ខេត្ត

ដោយឡែក សម្រាប់​អស់លោកមន្ត្រីរាជការ អ្នកមុខអ្នកការ​ដែលមានតំណែង ឬឋានៈស្មើនឹង​តំណែងខាងលើ​ ទើប​មានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។

ចំណែក​ឯ​​អស់​លោកដែលមានឋានន្តរសក្តិចាប់ពី ឧត្តមសេនីយ៍ត្រី (ផ្កាយ​១) ឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ឬ​កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារ​ជាឯកឧត្តម លោកជំទាវទេ តែបើ​អស់​លោក​អ្នក​បំរើការងារជាអគ្គនាយកឡើងទៅ ​នៅក្នុងក្រសួងនានា​​នោះ ទើបមានគោរមងារ​ជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀតលុះត្រាណាតែ​លោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រី​ដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើ​​ ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។

ទន្ទឹមនឹងនេះ សម្រាប់នៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះ ដែលមានងារជា ឯកឧត្តម លោកជំទាវ រី​ឯអភិបាលរងឯទៀត​​ មានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ ​តែបើអភិបាលរង​រាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើ​ក្នុងមុខតំណែង​ខាងលើ ទើបមានងារជា ឯកឧត្តម លោកជំទាវ។

គួររំលឹកផងដែរថា បើស្វាមី​មានងារជាឯកឧត្តម​ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕