ឧកញ៉ា ចាន់ សុឃាំង នាំយកជំនួយរបស់ទួរគី ផ្តល់ជូនម៉ាស៊ីនស្ទូងស្រូវចំនួន ២០គ្រឿង ដល់សហគមន៍កសិកម្មចំនួន៥

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ​​បាន​សហការ​ជាមួយ​​ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី (TIKA) ​​​​ផ្តល់ជំនួយ​​ជា​ម៉ាស៊ីន​ស្ទូងស្រូវ​​ចំនួន ២០​គ្រឿង និង​ឧបករណ៍​សម្រាប់​បណ្តុះ​គ្រាប់​ពូជ ​​ដល់​សហគមន៍​ចំនួន​៥ ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្ត​តាកែវ ​​ក្នុង​គោលបំណង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាកសិករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីផ្តល់ជំនួយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​តាមរយៈការចុះអនុស្សរណៈយោគយល់ រវាងទីភ្នាក់ងារសម្របសម្រួលកិច្ច​សហប្រតិបត្តិការរបស់ប្រទេសទួរគី និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅអគ្គលេខាធិកាដ្ឋានសហព័ន្ធស្រូវអង្ករ​កម្ពុជា។ លោក​ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក Burak SARITARLA ប្រធាន​គម្រោងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជា របស់ទីភ្នាក់ងារសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ប្រទេសទួរគី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្រោមអធិបតីភាពលោកជំទាវ Ulku KOCAEFE ឯកអគ្គរដ្ឋទូតប្រទេសទួរគីប្រចាំប្រទេសកម្ពុជា។

ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី បាននឹងកំពុងអនុវត្តន៍គម្រោងមួយចំនួននៅក្នុង​ប្រទេសកម្ពុជា ក្នុងវិស័យអប់រំ គេហកិច្ច និងការបណ្តុះបណ្តាលកសាងសមត្ថភាព ហើយនេះ គឺជាគម្រោងទី១ របស់ TIKA នៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្ម ហើយទីភ្នាក់ងារបានពិចារណានឹងបន្តជួយ​ដល់សហគមន៍​កសិកម្ម​បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈម៉ាស៊ីនស្ទូងស្រូវនេះ នឹងជួយដល់សហគមន៍​កសិកម្មឱ្យមានភាពប្រសើរឡើងនូវបច្ចេកទេស និង​សមត្ថភាពក្នុងផលិតកម្មពូជស្រូវបន្ថែមទៀត។

សូមជម្រាប​ថា នៅក្នុងកម្មវិធីចុះហត្ថលេខានេះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏​បានធ្វើការពិភាក្សាលើការងារពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទួរគី ដែល​បង្ហាញអំពីការរីកចម្រើនយ៉ាងលឿន និងបានបង្ហាញលទ្ធផលថាការនាំចេញ​អង្ករកម្ពុជាទៅកាន់ទីផ្សារ​ប្រទេស​ទួរគីបានកើនដល់ ៣,០០០តោន ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២។ ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហ​ប្រតិបត្តការ​ជាមួយគ្នាបន្តទៀត លើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូវ៕