ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ៤ បន្ថែមទៀត ទំហំទឹកប្រាក់ប្រមាណ ២១,៩ លានដុល្លារអាមេរិក និង បង្កើតការងារបានចំនួនប្រមាណ ៦ ៣៨០ កន្លែង ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នាពេលថ្មីៗនេះ បានបញ្ជាក់ពីគម្រោងវិនិយោគចំនួន ៤ របស់ក្រុមហ៊ុននោះរួមមាន៖
១.“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៣៥៨កន្លែង។
២.“AW CASHMERE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១១៧កន្លែង។
៣.“SUPERCAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៤កន្លែង។
៤.“XN FU INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤១កន្លែង។
គួររម្លឹកបន្តិចថា នៅក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក៕