បើទោះជាវ័យរាងជ្រេបន្តិចមែន ប៉ុន្តែតារាឆ្នើម Leo Messi នៅតែបញ្ចេញទេពកោសល្យល្អឯកលើសមរភូមិវាលស្មៅ ពោលទើបនឹងជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលពួកគេខកខានឈ្នះអស់រយៈពេល ៣៦ ឆ្នាំ។
ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យបែបនេះ បុរសវ័យ ៣៥ ឆ្នាំបានក្លាយជាអត្តពលិកដែលស៊ីថ្លៃពលកម្មខ្ពស់បំផុតលើលោក ពោលគឺតម្លៃខ្លួនរបស់កីឡាករបាល់ទាត់ ដែលមានរហស្សនាម GOAT មានខ្ពស់ជាងមហាសេដ្ឋី LeBron James កីឡាករបាល់បោះថែមទៀត។ នេះបើតាមការចុះផ្សាយពី Forbes។
គិតតែត្រឹមឆ្នាំ ២០២២ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនមានចំណូលប្រហែល ១៣០ លានដុល្លារ ខណៈ ៧៥ លានដុល្លារបានមកពីកុងត្រាជាមួយក្លឹប និង ៥៥ លានដុល្លារទៀតបានមកពីកុងត្រាផ្សាយពាណិជ្ជកម្មផ្សេងៗដូចជា កុងត្រាមួយជីវិតជាមួយ Adidas ជាដើម។
ដោយឡែក ប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់កីឡាករបាល់បោះ LeBron James វិញមានប្រមាណ ១២១,២ លានដុល្លារ ខណៈកីឡាករចាស់វស្សា Cristiano Ronaldo រកបាន ១១៥ លានដុល្លារ ស្របពេលបុរសសង្ហារ Neymar វិញ ទទួលបាន ៩៥ លានដុល្លារ៕