ក្រុមហ៊ុននាំចេញ៖ ប្រជាជន​ចិន គាំទ្រខ្លាំងលើផលិតផលផ្លែមៀនស្រស់របស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ផ្លែមៀនស្រស់របស់កម្ពុជា ជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន។នេះបើតាមការឱ្យដឹងពីតំណាងក្រុមនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd.  បានឱ្យដឹងថា បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ កាលខែតុលា ឆ្នាំ២០២២ កន្លងទៅ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោនឯណោះ។

លោកបានបញ្ជាក់បន្តដូច្នេះថា« ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង ១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជា​សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា»។

សូមរម្លឹកដែរថា បើតាមរបាយការណ៍ពីក្រសួងកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្នចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន​ មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២​​។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕