ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា រាល់ឧបករណ៍ ឬសម្ភារផ្សេងៗ ដែលអាចវិភាគរកមេរោគកូវីដ១៩ ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម គឺជាផលិតផលក្លែងក្លាយ។
ការដាក់លក់សម្ភារបរិក្ខាពេទ្យទាំងអស់ គឺត្រូវតែឆ្លងកាត់មកក្រសួងសុខាភិបាលជាមុនសិន ជាពិសេសនោះគឺក្រុមហ៊ុនដែលនាំចូល ត្រូវតែចុះបញ្ជីការជាមួយនឹងក្រសួងសុខាភិបាល។ ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចរួចហើយ គឺទី១ ធ្វើបាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ដែលតាំងតែពីរនេះគត់នៅកម្ពុជា ដែលទទួលការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តាមន្ទីរពេទ្យ ឬក៏ក្រុមគ្រូពេទ្យដែលគាត់បានចុះទៅស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើងក្នុងពេលដែលមានករណីសង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩។” នេះជាការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។
ករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ព្រោះពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ សម្រាប់ធ្វើវិភាគនោះឡើយ ក្រៅតែពីការវិភាគតែមួយគត់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោកការលក់ដូរទាំងនេះ ហើយទិញសម្ភារ ឬឧបករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង។
គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញករណីអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៨៧ករណីហើយ ក្នុងនោះ០២ករណីបានជាសះស្បើយគឺ បុរសជនជាតិចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកទេសចរនៃនាវា Viking Cruise Journey ហើយករណីទាំងអស់នៅកម្ពុជាភាគច្រើនគឺជាករណីនាំចូល៕ AKP