ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិ បានស្នើសុំកម្ពុជាឱ្យគាំទ្រ លើគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េនាពេលខាងមុខ។ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានគាំទ្រឱ្យកូរ៉េវិនិយោគលើគម្រោងកែច្នៃសម្រាមទៅជាថាមពលនៅកម្ពុជា។
ថ្លែងក្នុងក្នុងជំនួបកាលល្ងាចថ្ងៃទី១៩ ខែធ្នូ ឯកឧត្ដម ប៉ាក ហឹងឃ្យុង(Park Heung Kyeong) លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។
ទន្ទឹមគ្នានេះ លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់លោក នៅកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត។
ជាក់ស្តែង លោកថា ការសហការល្អនាពេលកន្លងមក បានជំរុញឱ្យមានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា, ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម PARK Heung-Kyeong ក៏បានគោរពសុំការគាំទ្រ និងសហការអំពីសម្ដេចតេជោ នូវគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េអេកូខេមផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកអគ្គរដ្ឋទូត និងរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយបានសំដែងការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានបន្តថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។
ដោយឡែកចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ បានបង្ហាញការគាំទ្រ ហើយបានជូនឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ៕