ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ពីបណ្តាសម្បុរសជននានា ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩។
ការថ្លែងពីសំណាកប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
នាឪកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា «ក្នុងនាមប្រមុខដឹកនាំរដ្ឋាភិបាល ខ្ញុំព្រះករុណាសូមអរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយបើថវិកានេះសល់ក្រោយបញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា»។
ជាមួយគ្នានោះ សម្តេចឲ្យដឹងដែរថា នៅកម្ពុជាទោះបីជំងឺនេះ បានកើតលើប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏សុទ្ធតែជាជំងឺនាំចូលពីខាងក្រៅ។សម្តេចថា ជំងឺដែលនាំចូលពីខាងក្រៅទាំងអស់កើតនៅលើពលរដ្ឋកម្ពុជាក៏ដោយសារតែពលរដ្ឋកម្ពុជាឆ្លងពីខាងក្រៅមកដែរ។ក្នុងឪកាសនោះទៀតសោទ ប្រមុខរដ្ឋាភិបាលក៏បាន ប្តេជ្ងាសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាពិតជាអាចយកឈ្នះ និងអាចបណ្តាញកូវីដ ១៩ ចេញពីកម្ពុជាឆាប់ៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៣នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ