Elon Musk ប្រកាសថា នឹងចុះចេញពីតំណែង CEO ភ្លាម ឲ្យតែរកបានអ្នកស្នងនៅ Twitter

អន្តរជាតិ

កាលពី​ថ្ងៃទី ២០ ធ្នូ​កន្លងទៅ មហាសេដ្ឋីអាមេរិក Elon Musk ទម្លាយថា លោក​នឹង​ចុះចេញ​ពី​តំណែងជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Twitter ភ្លាម បើសិនជា​លោក​អាច​រក​បាន​អ្នក​មក​អង្គុយ​កៅអីមួយ​នេះជំនួស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​ខ្ញុំ​នឹង​លា​ឈប់​ពី​តំណែងជា CEO ភ្លាមៗ ឲ្យតែ​ខ្ញុំ​អាច​រក​បាន​អ្នកណា​ម្នាក់​ដែល​ហ៊ាន​កាន់ការងារ​ បន្ត​ពី​ខ្ញុំ ហើយ​បន្ទាប់​ពីនោះ​ខ្ញុំ​នឹង​មើលការ​ខុសត្រូវ​តែ​លើ​ផ្នែក​កម្មវិធី និង​គ្រប់គ្រង​ផ្សេងៗ​ប៉ុណ្ណោះ”។​ នេះបើតាម​ការ​បង្ហោះសារ​របស់​មេធំ Tesla បាន​សរសេរលើ Twitter។

សូមជម្រាបដែរថា នេះគឺជាលើកដំបូង​ដែល​មហាសេដ្ឋីអាមេរិក បង្ហើបពីការ​ចង់​លាលែង​តំណែងជា CEO តាំងពី​ទិញ​ក្រុមហ៊ុន Twitter ខណៈ​ការ​ប្រកាស​នេះ​ធ្វើឡើង​ ក្រោយ​លោក​បង្ហោះ​សារ​សួរ​យោបល់​អ្នកគាំទ្រថា លោកគួរ​តែបន្ត​កាន់តំណែង​ជា CEO ឬ​ក៏​គួរ​លាលែង។

បន្ថែមពីនោះ Elon Musk ក៏​បាន​ទទួល​ស្គាល់​ដែរថា​ ការងារ​របស់​លោក​មាន​ច្រើន​ពេក ដូច្នេះ​លោក​ចាំបាច់​ត្រូវ​រក​បុគ្គល​ ដែល​មាន​សមត្ថភាព​សម្រាប់​មើលការខុសត្រូវ​នៅ Twitter ជំនួស ប៉ុន្តែ​លោក​អះអាងថា គ្មានអ្នកណា​ម្នាក់​អាច​កាន់​ការងារ​មួយ​នេះ ក្រៅពីលោកឡើយ៕