ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្ហើបថា លោកមានគម្រោងចង់ទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីងតោននាថ្ងៃទី ២១ ធ្នូនេះ ក្នុងបំណងជួបសំណេះសំណាលជាមួយប្រធានាធិបតី ចូ បៃឌិន។
យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់លោក Zelenskyy ទៅកាន់អាមេរិក តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីកាលពីចុងខែកុម្ភៈ។
គួររំលឹកដែរថា អាមេរិកគឺបានខ្នះខ្នែងផ្ដល់ជំនួយជាច្រើនទៅកាន់អ៊ុយក្រែន ទាំងផ្នែកសព្វាវុធ ស្បៀងអាហារ និងផ្នែកហិរញ្ញវត្ថុ ដែលសរុបជាទឹកប្រាក់គឺប្រហែល ៥០ ពាន់លានដុល្លារ ដែលក្នុងនោះ ២០ ពាន់លានដុល្លារ គឺផ្ដោតសំខាន់លើប្រព័ន្ធការពារសុវត្ថិភាព។
សូមជម្រាបបន្ថែមថា សង្គ្រាមនៅអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេលជិត ១០ ខែ ដោយសារការឈ្លានពានពីរុស្ស៊ី ហើយក្នុងអំឡុងពេលនេះថ្នាក់ដឹកនាំអ៊ុយក្រែន តែងតែអំពាវនាវសុំជំនួយ និងអន្តរាគមន៍ពីសំណាក់មហាអំណាច និងអង្គការពិភពលោកធំៗជាច្រើន៕