កាលពីសប្ដាហ៍មុន មហាសេដ្ឋីបារាំង Bernard Arnault បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោក ក្រោយផ្ដួល Elon Musk ឲ្យធ្លាក់ទៅកាន់តំណែងលេខ ២ វិញ ជាមួយគម្លាតទ្រព្យសម្បត្តិ ឆ្ងាយគ្នាច្រើនគួរសម។
គិតត្រឹមថ្ងៃទី ២១ ធ្នូ ២០២២ ទ្រព្យសម្បត្តិរបស់ស្ដេចត្រាញ់អឺរ៉ុបមាន ១៧៩ ពាន់លានដុល្លារ ខណៈម្ចាស់ក្រុមហ៊ុន Twitter មានប្រមាណ ១៥៥,៨ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Forbes។
យ៉ាងណា ទិន្នន័យខាងលើគឺមានចំនួនតិចជាងឆ្ងាយ បើធៀបនឹងទំហំទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតកាលពីឆ្នាំ ២០២១ ខណៈគ្រានោះបញ្ជីអ្នកមានបំផុតលើលោក សុទ្ធតែមានទំហំទឹកប្រាក់ច្រើនជាង ២០០ ពាន់លានដុល្លារ ហើយ Elon Musk ធ្លាប់មានរហូតដល់ជាង ៣០០ ពាន់លានដុល្លារឯណោះ។
ក្រឡេកមកមើលស្ថានការណ៍បច្ចុប្បន្ន ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតគឺ មិនមានបុគ្គលណាម្នាក់ដែលមានទ្រព្យសម្បត្តិលើស ២០០ ពាន់លានដុល្លារឡើយ ដ្បិតហានិភ័យនៃវិបត្តិសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែន គួបផ្សំនឹងវិស័យបច្ចេកវិទ្យាទទួលរងផលប៉ះពាល់ផង ធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះ មានការខាតបង់ខ្លាំងសឹងមិនគួរឲ្យជឿ៕