ក្រោយពីរបូតតំណែងជាមហាសេដ្ឋីមានបំផុតលើលោកដែលធ្លាប់ក្ដោបក្ដាប់រាប់ខែ ថ្មីៗនេះ Elon Musk នៅតែបន្តខាតបង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារថែមទៀត ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
យោងតាមការចុះផ្សាយពី Bloomberg បានបង្ហាញថា កាលពីថ្ងៃទី ២០ ធ្នូ តម្លៃហ៊ុនរបស់ Tesla បានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន បណ្ដាលឲ្យមេធំ Elon Musk ខាតលុយអស់ប្រហែល ៧,៧ ពាន់លានដុល្លារត្រឹមមួយរំពេច។
ប្រភពដដែលបានបន្ថែមទៀតថា គិតត្រឹមឆ្នាំនេះ ម្ចាស់ក្រុមហ៊ុន Twitter បានរបូតលុយអស់ប្រមាណ ១២២,៦ ពាន់លានដុល្លារ ច្រើនជាងទំហំលុយដែលលោកធ្លាប់រកបានកាលពីឆ្នាំ ២០២១ ទៅទៀត។
សូមជម្រាបដែរថា បញ្ហារកាំរកូសនៅក្នុងក្រុមហ៊ុន Tesla បានបណ្ដាលឲ្យតម្លៃហ៊ុនរបស់ពួកគេបន្តដាំក្បាលចុះជាបន្តបន្ទាប់ ខណៈកន្លងមកម្ចាស់ភាគហ៊ុនជាច្រើននាក់ធ្លាប់ជំទាស់ នឹងការសម្រេចចិត្តរបស់ Elon Musk ក្នុងការចាយលុយជាង ៤៤ ពាន់លានដុល្លារទិញក្រុមហ៊ុន Twitter៕