សហរដ្ឋអាមេរិក ត្រៀមទឹកប្រាក់មូលនិធិ ៥០ លានដុល្លារ ជួយឥណ្ឌូនេស៊ី កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ

អន្តរជាតិ

ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានចាប់ផ្តើមចាប់ដៃគ្នា ក្នុងការសម្រេចបានភាពជាដៃគូ សម្រាប់កិច្ចព្រមព្រៀងអាកាសធាតុថ្មី នៅដើមឆ្នាំក្រោយ ជាមួយនឹងការផ្តល់ជូនមូលនិធិរហូតដល់ ៥០ លានដុល្លារ ដើម្បីជួយប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ សម្រេចបាននូវគោលដៅកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ នៅឆ្នាំ ២០៣០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកជូនថា កាលពីខែឧសភា កន្លងទៅ ក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូនេស៊ី រួមជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MoU) ដើម្បីគាំទ្រដល់កម្មវិធី​គាំពារ​ព្រៃឈើ និងការប្រើប្រាស់ដីសម្រាប់ដាំដុះកូនឈើ (FOLU) តាមរយ:កិច្ចព្រមព្រៀង Net Sink ២០៣០ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

នៅក្នុងការបេ្តជ្ញាចិត្តចំពោះភាពជាដៃគូអាកាសធាតុថ្មីនេះ ត្រូវបានធ្វើឡើង ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាមេរិក-ឥណ្ឌូនេស៊ី ហើយវាក៏ត្រូវបានប្រកាសផងដែរ អំឡុងកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងប្រធានាធិបតិអាមេរិក លោក Joe Biden នៅខាងក្រៅកិច្ចប្រជុំកំពូល G20 លើកោះបាលី កាលពីពេលថ្មីៗកន្លងទៅ ។

គួរឱ្យដឹងថា ភាពជាដៃគូថ្មីនេះ ក៏រួមបញ្ចូលផងដែរ នូវការគាំទ្រសម្រាប់ការអភិរក្សសត្វសា្វ Orangutans នៅលើកោះ Sumatra និង Kalimantan ព្រមទាំងប្រភេទសត្វផ្សេងទៀត ដូចជាដំរី ខ្លា និងរមាសជាដើម ។

តាមរយ:កិច្ចព្រមព្រៀងថ្មីនេះ ក៏មានគោលបំណងគាំទ្រដល់អាទិភាពរបស់ក្រសួងបរិស្ថាន រួមទាំងមូលនិធិបរិស្ថានឥណ្ឌូនេស៊ី (BPDLH) និងការចូលរួមសហការពីភាគីពាក់ព័ន្ធ ដើម្បីកសាង និងរក្សាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងសមធម៌ នៅក្នុងប្រទេសឥណ្ឌូនេស៊ីថែមទៀតផង៕